
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ
ឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចការតំបន់ និងពិភពលោកដែលជាក្តីកង្វល់រួម។
ឯកឧត្តម ង្វៀន ហ៊្វូជុង បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ
ដ៏វាងវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ហើយកំពុងបន្តចាត់វិធានការយ៉ាងសកម្មដើម្បីជួយដល់ប្រជាជនកម្ពុជាដែលកំពុងជួបការលំបាកឲ្យបានទាន់ពេលវេលា ក៏ដូចជាស្តារសេដ្ឋកិច្ចសង្គមកម្ពុជាដែលរងផល
ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។
ឯកឧត្តមបានជូនព័ត៌មានថា ខេត្តតៃនីញត្រៀមទទួលនិស្សិត-សិក្ខាកាម កម្ពុជាចំនួន៥១២នាក់ ចូលទៅបន្តការសិក្សាក្នុងប្រទេសវៀតណាមវិញ ចាប់ពីពាក់កណ្តាលខែកក្កដានេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងការអបអរសាទរចំពោះវៀតណាមដែលរៀបចំដោយជោគជ័យតាមប្រព័ន្ធវីដេអូនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និងបានកោតសរសើររដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានចាត់វិធានការយ៉ាងមាន
ប្រសិទ្ធភាព ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ហើយទន្ទឹមនេះ ក៏នៅរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចតេជោ បានឆ្លៀតឱកាសនោះ អរគុណវៀតណាមដែលបានផ្តល់បរិក្ខារពេទ្យដល់កម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងបានឯកភាពសម្រួលឲ្យនិស្សិត-សិក្ខាកាមកម្ពុជា
ចូលទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សាក្នុងប្រទេសវៀតណាមវិញ។
ថ្នាក់ដឹកនាំកំពូលទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជាវៀតណាម ដែលត្រូវបានពង្រឹងនិងពង្រីកឱ្យមានការរីកចម្រើនជា
ផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ បានស្នើឲ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរព័ត៌មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឲ្យបានកាន់តែងាយស្រួល ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់
៧ពាន់លានដុល្លារអាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បី
ពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។
ថ្នាក់ដឹកនាំកំពូលទាំងពីរ បានសម្តែងនូវការអបអរដ៏ខ្លាំងក្លាចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដែលសម្រេចបាន ៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ថ្នាក់ដឹកនាំកំពូលទាំងពីរ សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិ និងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីដូចជាមហាអនុតំបន់មេគង្គ អាស៊ាន កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ៕