កូរ៉េខាងត្បូង៖ អភិបាលក្រុងសេអ៊ូលដែលត្រូវបានគេចាត់ទុកថា ជាមន្ត្រីមានអំណាចបំផុតទី២ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេប្រទះឃើញស្លាប់នៅជើងភ្នំមួយក្នុងទីក្រុង។ សាកសពរបស់លោក Park Won-soon ត្រូវបានគេរកឃើញនៅលើភ្នំប៊ូកាក (Bukak) ក្នុងសង្កាត់សេអុងប៊ុកហ្គូ (Seongbuk-gu) របស់ទីក្រុងសេអ៊ូល ក្បែរកន្លែងដែលសញ្ញាទូរស័ព្ទរបស់លោកត្រូវបានរកឃើញចុងក្រោយ បន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃសុក្រម៉ោងក្នុងស្រុក។ តំបន់នេះគឺនៅជិតវេសនដ្ឋានរបស់លោកនៅក្នុងតំបន់ជុងណូហ្គូ។
នគរបាលពុំបានបង្ហាញពីមូលហេតុ ដែលបណ្ដាលឲ្យអភិបាលក្រុងរូបនេះស្លាប់ទេ ក្នុងគោលបំណងដើម្បីការពារឯកជនភាពរបស់លោក ប៉ុន្តែពួកគេបានបដិសេធ ចំពោះការប្រើឧបាយកលណាមួយក្នុងរឿងនេះ។ អំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ លោក Choi Ik-soo មន្ត្រីនៅនាយកដ្ឋានឧក្រិដ្ឋកម្ម នៃទីភ្នាក់ងារនគរបាលក្រុងសេអ៊ូលបាននិយាយថា គ្មានលិខិតបណ្ដាំអត្តឃាតណាមួយ ត្រូវបានសបន្សល់ទុកនៅក្បែរនោះទេ។ យោងតាមមន្ត្រីនគរបាលដែលដឹងរឿងនេះបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វ័យ ៦៤ឆ្នាំរូបនេះត្រូវបានរាយការណ៍ពីការបាត់ខ្លួនរបស់លោក ដោយកូនស្រីរបស់លោកកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ អស់រយៈពេល ៧ម៉ោងមន្ត្រីនគរបាល និងអ្នកពន្លត់អគ្គិភ័យជិត ៦០០នាក់រួមជាមួយសុនខជួយសង្គ្រោះចំនួន ៣ក្បាលបានតាមរករូបលោក។ សាកសពរបស់លោកត្រូវបានរកឃើញដោយសុនខសង្គ្រោះ ហើយត្រូវបានបញ្ជាក់អត្តសញ្ញាណដោយក្រុមអ្នកពន្លត់អគ្គិភ័យ៕