បុតស្វាណា៖ក្រុមមន្ត្រីសត្វព្រៃដែលកំពុងធ្វើការស៊ើបអង្កេតលើការងាប់យ៉ាងអាថ៌កំបាំងរបស់សត្វដំរីរាប់រយក្បាលក្នុងប្រទេសបុតស្វាណា (Botswana) បានបញ្ជាក់ថា ពួកគេបានរកឃេីញសាកសពសត្វដំរី៦ក្បាលថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ ហេីយបានថា គេនៅមិនទាន់ដឹងច្បាស់ថាតេីអ្វីជាអ្នកសម្លាប់សត្វដំរីទាំងនោះក្នុងរយៈពេលប្រហែល២នេះ។
ក្រុមមន្រ្តីសត្វព្រៃបាននិយាយថា «ឥឡូវនេះពួកគេបានរកឃេីញសាកសពសត្វដំរីសរុបជាង៤០០ក្បាលហេីយ នៅក្នុងតំបន់មួយមានផ្ទៃដីប្រហែល៨ពាន់គីឡូម៉ែត្រការ៉េដែលជាជម្រករបស់សត្វដំរីប្រហែល១ម៉ឺន៨ពាន់ក្បាល»។
មន្រ្តីបសុព្យាបាលនៃនាយកដ្ឋានសត្វព្រៃ និងឧទ្យានជាតិបាននិយាយថា ក្រុមមន្ត្រីរំពឹងថានឹងទទួលបានលទ្ធផលនៃការធ្វើតេស្តិ៍សំណាកសាកសពសត្វដំរីក្នុងសប្ដាហ៍នេះបន្ទាប់ពីបានបញ្ជូនទៅប្រទេសអាហ្វ្រិកខាងត្បូង និងកាណាដា។
ក្រុមសកម្មជនការពារសត្វព្រៃមួយចំនួនបានរិះគន់រដ្ឋាភិបាលថាមានចំណាត់ការយឺតពេកក្នុងការដោះស្រាយបញ្ហានៃការងាប់យ៉ាងអាថ៌កំបាំងរបស់សត្វដំរីទាំងនោះ។ ប៉ុន្តែក្រុមមន្ត្រីបានច្រានចោលការចោទប្រកាន់នេះ។
បើទោះបីជាចំនួនសត្វដំរីដែលបានងាប់រហូតមកដល់ពេលនេះជាចំណែកតូចមួយនៅក្នុងចំណោមសត្វដំរីប្រមាណ១៣ម៉ឺនក្បាលនៅក្នុងប្រទេសបុតស្វាណាក៏ដោយ ក៏មានការព្រួបារម្ភថាសត្វដំរីជាច្រើនក្បាលទៀតអាចនឹងងាប់ប្រសិនបើអាជ្ញាធរមិនអាចកំណត់មូលហេតុនៃការងាប់ឲ្យបានឆាប់ទេ។
នៅក្នុងការស៊េីបអង្កេត បឋម អាជ្ញាធរបានកំណត់ថាការងាប់របស់សត្វដំរីទាំងនោះមិនមែនដោយសារការបរបាញ់ទេពីព្រោះភ្លុករបស់ពួកវាមិនត្រូវបានគេកាត់យកទេ ហើយក៏មិនមែនស្លាប់ដោយសារថ្នាំពុល ឬដោយសារជំងឺដែលបង្កឡើងដោយពពួកបាក់តេរីដែរ។
ចំនួនសត្វដំរីនៅទ្វីបអាហ្វ្រិកកំពុងថយចុះដោយសារការបរបាញ់ ប៉ុន្តែប្រទេសបុតស្វាណាដែលជាជម្រកសត្វដំរីជិតមួយភាគ៣នៃសត្វដំរីទាំងអស់ក្នុងទ្វីបនេះបានមើលឃើញពីការកើនឡើងនៃចំនួនសត្វដំរីពី៨ម៉ឺនក្បាលកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកដល់១៣ម៉ឺនក្បាលនាពេលបច្ចុប្បន្ន៕