នៅថ្ងៃអង្គារនេះ ជប៉ុនបានចោទប្រកាន់ចិនថាបានឆ្លៀតឱកាសពីវិបត្តិកូរ៉ូណាវីរុស ទៅពន្លឿនការទាមទារយកដែនដីប្រជុំកោះសេនកាគូ ឬទាវយូ នៅសមុទ្ទចិនខាងកើត ឬជាប់ជម្លោះ នៅសមុទ្រចិនខាងត្បូង។ មិនតែប៉ុណ្ណោះ ថ្វីបើចិនបានផ្តល់ជំនួយវេជ្ជសាស្ត្រដល់ប្រទេសជាច្រើនមែន តែបើតាមជប៉ុន ចិនបានឃោសនានិងផ្តល់ព័ត៌មានមិនពិតទេស្តីពីកូវីដ១៩។ នេះបើតាមរបាយការណ៍យោធាប្រចាំរបស់ជប៉ុន ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ស្ហ៊ីនហ្យូ អាបេ ទើបចុះអនុម័ត នៅថ្ងៃអង្គារទី ១៤ កក្កដា ២០២០។
បន្ទាប់ពីបានធូរស្បើយនឹងគ្នាតាំងពីចុងឆ្នាំ២០១៨មក ទំនាក់ទំនងចិនជប៉ុន បាននិងកំពុងចាប់ផ្តើមដុនដាបជាថ្មី ក្នុងផ្ទៃនៃវិបត្តិកូរ៉ូណាវីរុសផង និងដោយហេតុតែសម្ពាធអន្តរជាតិដាក់លើចិនដែលបង្កើតច្បាប់សន្តិសុខហុងកុងផង។ នៅក្នុងសៀវភៅស ស្តីពីនយោបាយការពារជាតិប្រចាំរបស់ជប៉ុន ចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា២០២០នេះ ជប៉ុនបានស្តីបន្ទោសចិន ចំពោះសកម្មភាពបំប៉ោងឃោសនា និងផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីកូរ៉ូណាវីរុសថ្មី ដែលលេចឡើងដំបូង កាលពីខែធ្នូចុងឆ្នាំ២០១៩ នៅវូហាន។
សម្រាប់ជប៉ុនមានឧទាហរណ៍ជាក់ស្តែងបញ្ជាក់អំពីការបំប៉ោងព័ត៌មាន មានអាទិ៍ សេចក្តីអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីខែមីនា ដែលថាវីរុសកូរ៉ូណានៃជំងឺកូវីដ១៩ ត្រូវបាននាំបញ្ចូលមកចិន ដោយយោធាអាមេរិក ឬការឃោសនាអំពីថ្នាំបុរាណចិន សម្រាប់ព្យាបាលជំងឺនេះជាដើម។
ទន្ទឹមពេលជាមួយគ្នានេះ បើតាមសៀវភៅសជប៉ុនដដែល ឆ្លៀតក្នុងឱកាសដែលពិភពលោកកំពុងប្រឈមនឹងកូវីដ១៩ ចិនបានប៉ុនប៉ងបំផ្លាញស្ថានភាពនៅសមុទ្ទចិនខាងត្បូង និងសមុទ្ទចិនខាងកើត។ ចិនបានជ្រៀតចូលឥតឈប់ឈរ និងជាឯកតោភាគីក្នុងតំបន់ប្រជុំកូនកោះសេនកាគុ ឬទាវយូជាភាសាចិន ដែលស្ថិតក្រោមរដ្ឋាបាលជប៉ុន និងដែលកំពុងជាប់ជម្លោះគ្នា។
ការរិះគន់របស់ជប៉ុន មានអត្ថន័យស្របនឹងប្រតិកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដែលថា ការទាមទាររបស់ចិនចង់បានធនធាន និងធ្វើសមយុទ្ធនៅតំបន់សមុទ្ទចិនខាងត្បូងជាទង្វើខុសច្បាប់។ តែសម្រាប់ប៉េកាំង ការចោទប្រកាន់របស់អាមេរិកគ្មានមូលដ្ឋានត្រឹមត្រូវទេ។ ចិនដែលមានកញ្ចប់ថវិកាយោធាច្រើនជាងជប៉ុនដល់ទៅបួនដងនោះ អះអាងជានិច្ចថាអំពីចេតនាសន្តិនិយមរបស់ខ្លួន។
សៀវភៅសជប៉ុន ក៏បានលើកឡើងដែរអំពីការគំរាមកំហែងជាប្រចាំរបស់កូរ៉េខាងជើង ដោយរំលឹកបញ្ជាក់ថា របបព្យុងយ៉ាងមានសមត្ថភាពផលិតក្បាលនុយក្លេអ៊ែរដ៏តូចបំផុតសម្រាប់យកទៅបំពាក់លើមីស៊ីលបាលីស្ទិកហើយ៕