ឥណ្ឌូនេស៊ី៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់ដ៏គំហុកនៅក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង (South Sulawesi) របស់ប្រទេសឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់ និង ២៣នាក់នៅតែបន្តបាត់ខ្លួន។ ល្បាប់ និងវត្ថុផ្សេងៗត្រូវបានហូរចាក់ដោយទឹកជំនន់ ដែលបានគ្របសង្កត់លើផ្លូវ និងលំនៅឋានរាប់ពាន់ខ្នង។
មន្ត្រីម្នាក់នៅក្នុងស្រុកលូវូខាងជើង (North Luwu) បាននិយាយថា ទឹកជំនន់ដែលបានចាប់ផ្ដើមកាលពីល្ងាចថ្ងៃច័ន្ទ និងត្រូវបានបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឲ្យទឹកក្នុងទន្លេចំនួន៣ ពេញហៀរប្រៀបច្រាំង។ ទឹកជំនន់នេះបានប៉ះពាល់ដល់ពលរដ្ឋជាង ៤.០០០នាក់នៅក្នុងស្រុកចំនួន៦ តំបន់លូវូខាងជើង។ ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានបំណាក់ដីជាញឹកញាប់ និងទឹកជំនន់ដ៏គំហុកនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាទីដែលមនុស្សរាប់លាននាក់កំពុងរស់នៅក្នុងតំបន់ភ្នំ ឬជិតតំបន់ទំនាបដែលងាយនឹងរងគ្រោះពីទឹកជំនន់៕