(ព្រះវិហារ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងសហការី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល ជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន៥០គ្រួសារ នៅភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរាយការណ៍ជូនអង្គពិធីថា នៅក្នុងបរិការណ៍នៃការរាលដាលជំងឺកូវីដ១៩នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេកទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន៥គ្រួសារ។
ក្រៅពីនេះ ក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។
លោកប្រធានមន្ទីរ ក៏បានលើកបង្ហាញពីបទពិសោធន៍ នៃការចិញ្ចឹមកង្កែប និងអណ្តែងក្នុងតង់ប្លាស្ទិករបស់កសិករ អ៊ុ ហុកលី រស់នៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កសិកររូបនេះ បានចាប់ផ្តើមសាកល្បងចិញ្ចឹមកង្កែប ក្នុងតង់ផ្លាស្ទិកនៅឆ្នាំ២០១៨ ចំនួន៥តង់ សរុប៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែង ក្នុងតង់ប្លាស្ទិកចំនួន២តង់ សរុប៤០ម៉ែត្រក្រឡា។
ជាមធ្យមលោក អាចចិញ្ចឹមកង្កែប និងត្រីអណ្តែង បានក្នុងមួយឆ្នាំ៣ដង ក្នុងនោះកង្កែបចាប់លក់១,៨០០គីឡូក្រាម ក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញ ប្រមាណ ១០.៥លានរៀល និងត្រីអណ្តែងចាប់លក់បាន ២,៧០០គីឡូក្រាមក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញប្រមាណជាង២៤លានរៀល។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ហើយលោករដ្ឋមន្រ្តី ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដល់ប្រជាកសិករទាំងអស់ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែនឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី។
លោកថា នៅក្នុងបរិការណ៍នៃបញ្ហារាលដាលជំងឺកូវីដ ១៩នេះ ដើម្បីធានាសន្តិសុខស្បៀង បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាកសិករ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធនាការជំរុញ ការអនុវត្តសកម្មភាពវារីវប្បកម្ម នៅទូទាំងប្រទេស ជាក់ស្តែងនៅព្រឹកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកមកនូវ សម្ភារមួយចំនួនដើម្បីចែកជូនកសិករជានិម្មិតរូបចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន កូនត្រីអណ្តែង ៧០០ក្បាល ឬកូនកង្កែប ៤០០ក្បាល និងចំណីចំនួន ១០០គីឡូក្រាម។
លោករដ្ឋមន្រ្តី វេង សាខុន ក៏បានលើកទឹកចិត្ត ដល់កសិករគ្រប់រូបខិតខំប្រឹងប្រែង ក្នុងការចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង់ទីផ្សារ របស់យើងឲ្យបានពេញលេញ ហើយលោករដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេស ឲ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករ ជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា ហើយក៏ត្រូវរៀបចំយន្តការដោះស្រាយទីផ្សារជូនកសិករ ជៀសវាងបញ្ហាអស្ថេរភាពតម្លៃ៕