ម៉ាលី៖ពលរដ្ឋរាប់ពាន់នាក់បានចេញមកធ្វើការតវ៉ាក្នុងរដ្ឋធានីបាម៉ាកូរបស់ប្រទេសម៉ាលីកាលពីថ្ងៃអង្គារ ដោយបានបន្តអំពាវនាវឱ្យប្រធានាធិបតី ម៉ាលី លោក អ៊ីប្រាហ៊ីម ប៊ូបាកាគីតា (Ibrahim Boubacar Keita) ចុះចេញពីតំណែងបេីទោះបីជាមានការខិតខំប្រឹងប្រែងសម្រុះសម្រួលពីអន្តរជាតិដើម្បីដោះស្រាយវិបត្តិនយោបាយក៏ដោយ។
ការតវ៉ាដែលដឹកនាំដោយក្រុមប្រឆាំងបានផ្ទុះឡើងចាប់តាំងពីខែមិថុនាមកពាក់ព័ន្ធនឹងការបោះឆ្នោត ព្រមទាំងរដ្ឋាភិបាលដែលត្រូវបានពលរដ្ឋយល់ឃើញថាមានភាពពុករលួយ និងអសមត្ថភាព។
ភាពតានតឹងបានកើនឡើងខ្លាំងនៅក្នុងខែកក្កដានៅពេលដែលប៉ូលិសបានបាញ់សម្លាប់បាតុករយ៉ាងហោចណាស់១១នាក់។មានការព្រួយបារម្ភថា ភាពវឹកវរដែលអូសបន្លាយពេលយូរក្នុងប្រទេសម៉ាលី អាចធ្វើឱ្យរាំងស្ទះដល់ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមអ៊ីស្លាមនៅក្នុងតំបន់ដែលភាគច្រើននៃក្រុមនេះកំពុងប្រមូលក្នុងប្រទេសម៉ាលី។ប្រទេសម៉ាលីបានតស៊ូស្វែងរកស្ថិរភាពឡើងវិញក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១២មកនៅពេលដែលក្រុមឧទ្ទាមជនជាតិដេីមភាគតិច និងក្រុមជីហាដនិយមបានចូលកាន់កាប់ដែនដីភាគខាងជើងដែលមានទំហំពីរភាគបីរបស់ប្រទេស។
ការវាយប្រហារបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះនៅពេលដែលក្រុមសកម្មប្រយុទ្ធព្យាយាមពង្រីកវិសាលភាពរបស់ពួកគេដែលនេះបង្កឱ្យមានភាពតានតឹងពាក់ព័ន្ធនឹងជនជាតិដេីមភាគតិចនៅជុំវិញភាគកណ្ដាលប្រទេសម៉ាលី៕