Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន ជប៉ុនគ្រោងវិនិយោគសាងសង់រោងបន្លែ និងការកែច្នៃបន្លែផ្លែឈើ ក្នុងខេត្តចំនួន២ ដើម្បីនាំចេញ

Sang Kim | Aug 13, 2020
ក្រុមហ៊ុន ជប៉ុនគ្រោងវិនិយោគសាងសង់រោងបន្លែ និងការកែច្នៃបន្លែផ្លែឈើ ក្នុងខេត្តចំនួន២ ដើម្បីនាំចេញ
Clinic narith

កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green របស់ប្រទេសជប៉ុន នេះបើយោងតាមអគ្គនាយកដ្ឋានកសិកម្ម។

ក្នុងនោះក្រុមហ៊ុន Yamato Green របស់ជប៉ុនបានឈានដល់ការចុះ អនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ។

លោក Nabeshima Katsuhito បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងសាងសង់ Green House ដើម្បីដាំដុះបន្លែ ព្រមទាំងរៀបចំធ្វើការកែច្នៃផ្លែឈើ និងបន្លែ (ផ្លែប៊ឺរ និងស្ពៃក្តោប) សម្រាប់ធ្វើការនាំចេញ។ ក្នុងនោះខេត្តចំនួន ២ គឺស្ថិតក្រោមការពិចារណា និងជ្រើសរើសរបស់ក្រុមហ៊ុនជប៉ុន ហើយជាខេត្តដែលមានសក្តានុពលសម្រាប់ផលិតកម្មបន្លែ និងជាទីកន្លែងប្រមូលផ្តុំបន្លែដ៏សមស្របមួយ គឺខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ លោក Katsuhito បន្ថែមថា លោកមានបំណងបង្កើតកសិដ្ឋានបន្លែលើទីតាំងធំៗមួយចំនួនសម្រាប់ជួលដល់កសិករ ដើម្បីដាំដុះបន្លែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

ក្នុងនោះឯកឧត្តមបណ្ឌិត ងិន ឆាយ បានមានប្រសាសន៍ថា លោកនាយកក្រុមហ៊ុនជប៉ុនរូបនេះ បាន និងកំពុងរៀបចំដោយស្របនឹងទស្សនវិស័យ របស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងការបង្កើតសួនផលិតកម្មបន្លែសុវត្ថិភាព ការជ្រើសរើស ទីតាំងសម្រាប់អនុវត្ត គឺត្រូវពិចារណាទៅលើតំបន់ជាប់នឹងមាត់ទន្លេ និងដីកោះ ដោយសារ​ប្រជាជននៅទីនោះភាគច្រើន​ជាកសិករដាំដុះបន្លែស្រាប់។ ហើយក្រុមហ៊ុនអាចពិចារណាទៅ លើការផ្តល់ពូជ ការសាងសង់ Green Houseផ្តល់បចេ្ចកទេសបណ្តុះកូន ពូជបន្លែ និងប្រភេទបន្លែដែលទីផ្សារត្រូវការជាដើម។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានកសិកម្ម មានទស្សនវិស័យក្នុងការបង្កើតសហគមន៍អ្នកដាំបន្លែសុវត្ថិភាព ហើយការងារនេះនឹងអាចឈានទៅដល់ការបង្កើតសហភាពសហគមន៍អ្នកដាំបន្លែសុវត្ថិភាព ដែលកសិករអាចដាំបន្លែតាមប្រតិទិនដាំដុះ ដើម្បីធានាបានទាំងស្ថេរភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ បន្លែ។

ដូច្នេះនេះជាការសាកល្បងក្រុមហ៊ុន Yamato Green អាចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសួនផលិតកម្មបន្លែសុវត្ថិភាពក្នុងចំនួនកំណត់ណាមួយ។ ហើយគម្រោងនេះនឹងអាចប្រែក្លាយសួនផលិតកម្មបន្លែសុវត្ថិភាព​ទៅជាតំបន់ កសិ-ទេសចរណ៍ និងអេកូ-ទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះដែរ លោក Nabeshima Katsuhito បានទទួលយកសំណើនេះ និងបានស្នើឱ្យអគ្គនាយ កដ្ឋានកសិកម្ម រៀបចំគម្រោង សំណើសុំថវិកា ដោយសហការជាមួយក្រុមហ៊ុន Yamato Green៕