បើផ្អែកតាមតួលេខ របស់ខុទ្ទកាល័យលោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់ គឺនៅឆ្នាំ២០២១ តែវ៉ាន់នឹងមានគម្រោងចំណាយ លើវិស័យកងទ័ពការពារជាតិ ចំនួន ១៥,៤២ពាន់លានដុល្លារ។ យោងតាមការផ្ទៀងផ្ទាត់របស់ ទីភ្នាក់ងារព័ត៌មាន Reuters ការចំណាចនេះ គឺកើនឡើងចំនួនប្រមាណ១០%។ ការបន្ថែមការចំណាយលើវិស័យកងទ័ព កាន់តែច្រើនឡើងៗ របស់តៃវ៉ាន់ គឺវាស្ថិតក្នុងបរិបទ ដែលតៃវ៉ាន់កំពុងតែភ័យខ្លាច ថាវាសនាខ្លួនអាចនឹងដូចហុងកុង។ ការចំណាយលើវិស័យកងទ័ពរបស់តៃវ៉ាន់ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលវាហាក់ដូចជាការឆ្លើយតប ទៅនឹងស្ថានភាពតានតឹង រវាងតៃវ៉ាន់និងចិន ដែលកាន់តែដល់ដំណាក់កាលគ្រោះថ្នាក់។ សម្រាប់ថវិកាឆ្នាំ២០២១ តៃវ៉ាន់មានគម្រោងចំណាយ ដល់ទៅ ១៥,៤២ពាន់លានដុល្លារ លើវិស័យកងទ័ព ដែលនេះគឺវាកើនឡើងចំនួន១០,២% បើប្រៀបធៀបទៅឆ្នាំមុន។
តៃវ៉ាន់ហាក់កំពុងបន្ថែមល្បឿន ពង្រឹងកម្លាំងក្នុងវិស័យកងទ័ពការពារជាតិ ដើម្បីត្រៀមកម្លាំង ទប់ទល់ជាមួយចិន នៅក្នុងករណីវាយប្រហារណាមួយទៅថ្ងៃអនាគត។ ជាការពិតណាស់ ចិនតែងអះអាងជានិច្ច ថាកោះតៃវ៉ាន់ ដែលមានប្រជាជនរស់នៅប្រមាណ២៣លាននាក់នេះ គឺជាខេត្តមួយរបស់ចិន។ ចិនក៏មិនដែលបោះបង់គំនិតថា ថ្ងៃណាមួយ បើចាំបាច់ ចិននឹងប្រើកម្លាំង ដើម្បីឈានទៅយកកោះតៃវ៉ាន់ មកគ្រប់គ្រងក្នុងមហាគ្រួសារចិនវិញ។
ជាងនេះទៀត ស្ថានការណ៍វិវឌ្ឍន៍នៅហុងកុង នាពេលថ្មី២នេះ បានធ្វើឲ្យតៃវ៉ាន់ មានការព្រួយបារម្ភជាខ្លាំង។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ ធ្លាប់បានលើកឡើងថា តៃវ៉ាន់អាចនឹងមានវាសនាដូចហុងកុង។ នៅក្នុងឱកាសជំនួបជាមួយ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារកន្លងទៅ លោក Joseph WU រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ថា តៃវ៉ាន់រស់នៅក្នុងការព្រួយបារម្ភជាប្រចាំ គឺបារម្ភដោយសារតែការគំរាមេរបស់ចិនប៉េកាំង។ លោកបន្តថា ចិនបានប្រើគោលនយោបាយ សង្កត់តៃវ៉ាន់ ឲ្យទទួលយកលក្ខខណ្ឌរបស់គេ ដែលកម្មវត្ថុចុងក្រោយ គឺតៃវ៉ាន់ នឹងស្ថិតក្នុងកណ្តាប់ដៃរបស់ចិន ដូចហុងកុងនាពេលបច្ចុប្បន្ន។
សូមរំលឹកថា ចិនធ្លាប់បានស្នើទៅកាន់តៃវ៉ាន់ ឲ្យយល់ព្រមទទួលយកគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង២ ដូចនៅហុងកុង។ ក៏ប៉ុន្តែតៃវ៉ាន់បានបដិសេធ ។ លោកស្រី ឆៃ អ៊ីងវ៉េន ប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ធ្លាប់បានប្រកាសថា តៃវ៉ាន់មានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំ ប្រៀបដូចជាមានឯករាជ្យពេញលេញទៅហើយ។ រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ បានប្រកាន់ជំហ ចេញមុខការពារតៃវ៉ាន់កាន់តែខ្លាំង។ បើទោះជាអាមេរិក ទទួលស្គាល់ចិន តែមួយក្តី តែអាមេរិកមានច្បាប់មួយ ដែលបើកផ្លូវឲ្យរដ្ឋាភិបាល ត្រូវបន្តផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យតៃវ៉ាន់ការពារខ្លួន៕