សហព័ន្ធស្រូវអង្ករកម្ពុជានាពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍នៃការសម្រេចលទ្ធផលនាំចេញអង្ករនៅក្នុងរយៈពេល៨ខែរាប់ពីខែ មករាដល់សីហា ឆ្នាំ២០២០។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ពីគោលដៅទីផ្សារនាំចេញអង្ករសំខាន់ៗទាំង៤របស់កម្ពុជាក្នុងរយៈ៨ខែ ឆ្នាំ២០២០ ដោយបាននាំចេញអង្ករគ្រប់ប្រភេទសរុបចំនួន ៤៤៨,២០៣ តោន ដែលបានកើនឡើងជាង៣១% និងគិតជាទឹកប្រាក់មានចំនួន ២៩៩,៩០លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបន្ថែមទៀតថា ត្រឹមរយៈពេល៨ខែនេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនចំនួន ១៥៩,២៥៣ តោន ស្មើនឹង ៣៧%។ នាំចេញទៅសហគមន៍អុឺរ៉ុបបានចំនួន ១៤៩,៨៤៨ តោន ស្មើនឹង ៣៤%។ នាំចេញទៅបណ្ដាប្រទេសនៅក្នុងសមាជិកអាស៊ានបានចំនួន ៦០,៩៣៣ តោន ស្មើនឹង ១៣% និងនាំចេញទៅបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោកបានចំនួន ៧៨,១៦៩ តោន ស្មើនឹង ១៦%។ គួរបញ្ជាក់ផងដែរថា អង្ករគ្រាប់វែងដែលបាននាំចេញទៅសហគមន៍អុឺរ៉ុបអង្ករកម្ពុជាមានលំដាប់លេខរៀងទី២ បន្ទាប់ពីប្រទេសថៃដែលនៅលេខរៀងទី១លើកម្ពុជា។ កម្ពុជាបានកាន់កាប់ចំណែកទីផ្សារ ២៤,៤% ខណៈប្រទេសថៃបានកាន់កាប់ចំណែកទីផ្សារ២៩,៦%នៅបណ្ដាប្រទេសនៅសហគមន៍អុឺរ៉ុប។ បើនិយាយទីផ្សារនាំចេញទៅកាន់ប្រទេសចិន កម្ពុជាឈរជើងនៅលេខរៀងទី៥ បន្ទាប់ពីប្រទេស វៀតណាម មីយ៉ានម៉ា ប៉ាហ្គីស្ថាន និងប្រទេសថៃដោយបានកាន់កាប់ចំណែកទីផ្សារបានចំនួន ១១%។
ទោះជាយ៉ាងណាក្ដី សម្រាប់ខែ សីហា ឆ្នាំ២០២០នេះ ការនាំចេញអង្ករមានការធ្លាក់ចុះប្រមាណ ៣៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះខ្លាំងគឺអង្ករស្រូវសែនក្រអូបបានធ្លាក់ចុះ ប្រមាណ៨៥,៧៨% ស្មើនឹង ២,៣៣៨តោន បើធៀបនឹងឆ្នាំ ២០១៩មានចំនួន ១៦,៣៨៦ តោន។ សូមបញ្ជាក់ថា ការធ្លាក់ខ្លាំងនេះដោយសារកត្តា២យ៉ាងធំៗគឺ ទី១. ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យស្រូវប្រាំងជួបនូវគ្រោះរាំងស្ងួន ហើយខូចខាតមួយចំនួនធំ។ ទី២. ការសម្រាកសងចូលឆ្នាំខ្មែរដែលលើកពីខែមេសា មកខែសីហានេះ បានធ្វើឱ្យប្រតិបត្តិការការងារមានការលឺតយ៉ាវដល់ការផ្គត់ផ្គង់ទីផ្សារផងដែរ។ ដើម្បីជា្របកាន់តែច្បាស់សូមពិនិត្យរបាយការណ៍របស់សហព័ន្ធខាងក្រោមនេះ ៖