កិច្ចពិគ្រោះយោបល់កម្រិតវិស័យ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កាលពីថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអាល្លឺម៉ង់ដឹកនាំដោយលោក សាសឆា រ៉ិបស៍ (Sascha Reebs) លេខាទី ១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធីស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។
ក្នុងនោះ ភាគីទាំងពីរ បានឯកភាពផ្តោតចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបែបលក្ខណៈគ្រួសារ ដែលផ្តោតលើតែវិស័យកសិកម្ម ទៅជាការធ្វើពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ច ដែលផ្តោតការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការបណ្តុះបណ្តាល បចេ្ចកទេសដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីវិស័យឯកជន។
បន្ថែមលើសពីនេះទៅទៀត ភាគីអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨ លានអឺរ៉ូ ដល់កម្មវិធីនេះសម្រាប់ រយៈពេល ៣ ឆ្នាំ (២០២២-២០២៤) ដែលគ្រោងនឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ៥ រួមមាន ៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ។
ឯកឧត្តម ឈៀង យ៉ាណារ៉ា បានបញ្ជាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ បានតម្រឹម និងឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវិស័យអាទិភាពចំនួន ៣ គឺ ៖ ១-វិស័យអភិវឌ្ឍន៍ជនបទ (ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ, កសិកម្ម, បណ្តុះបណ្តាលជំនាញបច្ចេកទេស និងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន), ២-វិស័យសុខាភិបាល (គាំពារសុខមាលភាពសង្គម, សន្តិសុខស្បៀង និងអាហារូបត្ថម្ភ) និង ៣-វិស័យអភិបាលកិច្ច និងអន្តរវិស័យ (ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, សមភាពយេនឌ័រ និង បរិសា្ថន) ។
ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាក្នុងវិស័យអាទិភាពទាំង ៣ ពិសេសការគាំទ្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនតាមមូលដ្ឋាន ។
ជាក់ស្តែង ភាគីអាល្លឺម៉ង់បានផ្តល់ការគាំទ្រដល់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តគោលដៅមួយចំនួននៃភាគពាយ័ព្យ ចាប់តាំងពីឆ្នាំ២០០៧ មក ដែលបានរួមចំណែកក្នុងការកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា ។
សូមបញ្ជាក់ដែរថា តាមការឯកភាពរវាងភាគីកម្ពុជា និង អាល្លឺម៉ង់, កិច្ចពិគ្រោះយោបល់កម្រិតនយោបាយ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យជារួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងគ្រប់វិស័យ និងទិដ្ឋភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជា ពិនិត្យលើសំណើគម្រោងថ្មី និងគម្រោងអនុវត្តបន្តក្នុងបណ្តាឆ្នាំខាងមុខសម្រាប់ភាគីអាល្លឺម៉ង់ពិចារណាបន្តផ្តល់ការគាំទ្រក្នុងឆ្នាំ២០២១ ខាងមុខ៕