ទន្ទឹមនឹងពេលដែលលោក ត្រាំ និយាយជាហូរហែអំពីលទ្ធភាពនៃការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ ខូវីដ១៩ បានសម្រេចក្នុងពេលឆាប់ៗនេះ ពលរដ្ឋអាមេរិកាំងភាគច្រើនមិនសូវមានជំនឿប៉ុន្មានទេ។ ការមិនសូវមានជំនឿនេះកើតមានឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោក ត្រាំ កំពុងតែខិតខំពន្លឿនការស្រាវជ្រាវវ៉ាក់សាំង ដើម្បីធ្វើយ៉ាងណាផលិត និងចែកចាយត្រឹមខែមេសា ឆ្នាំ២០២១។
ជាពិសេស បើទុកជាវ៉ាក់សាំងនេះចេញជារូបរាងពិតប្រាកដ និងចែកចាយជាសាធារណៈក៏ដោយ ក៏ពួកគេនៅតែបារម្ភអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាដដែល។ ខាងលើនេះ ជាលទ្ធផលនៃការស្ទង់មតិរបស់ទូរទស្សន៍ អេប៊ីស៊ី អូស្ត្រាលី។
យោងតាមលទ្ធផលនៃការស្ទង់មតិនេះ ពលរដ្ឋរហូតដល់ជិត៧០%បារម្ភថាវ៉ាក់សាំងនេះអាចនឹងផលិតទាំងប្រញាប់ប្រញាល់ ដែលធ្វើឲ្យគ្មានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលវ៉ាក់សាំង។
នៅក្នុងចំណោមអ្នកឆ្លើយនឹងសំណួរស្ទង់មតិទាំងនោះ មានតែ៩%ប៉ុណ្ណោះដែលមានជំនឿថារដ្ឋាភិបាលអាចធានាប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំង។ ចំណែក៦៩%ទៀតគ្មានជំនឿលើវ៉ាក់សាំង ដែលរដ្ឋាភិបាលសន្យា។ ជាងនេះទៅទៀត លទ្ធផលស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកាំងជឿលើសម្ដីរបស់ពួកអ្នកជំនាញខាងវិស័យសុខាភិបាល ជាជាងជឿលើការប្រកាសរបស់សេតវិមាន៕