ទាក់ទងសំណុំរឿងសណ្ឋាគារថៃឈ្មោះ Le Palais ដែលសាងសង់ដោយយកតាមរចនាបថប្រាសាទខ្មែរនោះ នៅទីបំផុតទៅ ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាជាពិសេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្រេចធ្វើកំណត់ហេតុរួមគ្នាមួយ ដាក់ជូនក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើការតវ៉ាតាមផ្លូវការទូត។ ការតវ៉ានេះ គឺផ្អែកលើមាត្រាមួយចំនួននៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។
សេចក្តីសម្រេចនេះ បានធ្វើឡើងនៅក្រោយពីមានកិច្ចប្រជុំអន្តរក្រសួងមួយ កាលពីថ្ងៃទី ០៦ តុលា ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ ដែលសណ្ឋាគារ Le Palais បានយករចនាបថប្រាសាទខ្មែរទៅសាងសង់។ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងដែលមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ និងតំណាងក្រសួងពាណិជ្ជកម្មកម្ពុជាផងនោះ បានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូត ដោយផ្អែកទៅលើមាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពី កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។
នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ នៅថ្ងៃទី ០៨ តុលានេះ។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើកំណត់ទូតរបស់កម្ពុជាមានខ្លឹមសារយ៉ាងណានៅឡើយទេ ដោយទុកលទ្ធភាពនេះ អោយក្រសួងការបរទេសកម្ពុជាសិក្សាបន្តទៅលើផ្នែកច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែជារួម កិច្ចប្រជុំអន្តរស្ថាប័ននេះ បានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូត។
គួរជំរាបជូនថា បន្ទាប់ពីមានប្រតិកម្មពីមហាជនខ្មែរ ចំពោះការសាងសង់សណ្ឋាគារ Le Palais នៅកោះផាងហ្គាននៃខេត្តស៊ូរ៉ាត់ថានីប្រទេសថៃ ដោយយកតាមលំនាំនៃរចនាបថប្រាសាទបុរាណខ្មែរនោះ ម្ចាស់សណ្ឋាគារដែលមានប្តីជាជនជាតិបារាំង និងភរិយាជាជនជាតិខ្មែរដែលបានចូលភាគហ៊ុនជាមួយអ្នកវិនិយោគថៃនោះ បានចេញមកសុំអភ័យទោសពីប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ០៥ តុលា។
សូមបញ្ជាក់ថា សណ្ឋាគារ Le Palais ស្ថិតនៅលើកោះផាងហ្គាននេះ បានបង្កើតឡើងតាំងពីឆ្នាំ២០១៤មកម្លេះ ដោយសង់យកតាមរចនាបថប្រាសាទខ្មែរ ពិសេស គឺរចនាបថប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី និងជាពិសេស គឺប្រាសាទអង្គរវត្ត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានថ្លែងថា អ្វីដែលសណ្ឋាគារ Le Palais ធ្វើខុសពេលនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីប្រទេសកម្ពុជា៕