
ភ្នំពេញ៖ រដ្ឋាភិបាលមានផែនការចំណាយថវិកាប្រហែល ១២,៧៩៦ ពាន់លានដុល្លារ សម្រាប់ការវិនិយោគសាធារណៈក្នុងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ដោយរាប់ទាំងគម្រោងដែលកំពុងអនុវត្ត និងគម្រោងវិនិយោគសាធារណៈថ្មីជាង ៤០០ គម្រោង ដែលមានមហិច្ឆតាសម្រាប់កសាងគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងភាគរយខ្ពស់បំផុត។ នេះបើតាមព័ត៌មានពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ។
លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញថា រដ្ឋាភិបាលត្រូវការទុនវិនិយោគសាធារណៈសរុប ១២,៧៩៦ ពាន់លានដុល្លារ សម្រាប់គម្រោងសរុបចំនួន ៦២៩ ដោយក្នុងនោះទុនវិនិយោគ ៨,៣៩៧ ពាន់លានដុល្លារ សម្រាប់គម្រោងចំនួន ២០៣ ដែលកំពុងដំណើរការ និងទុនវិនិយោគ ៤,៣៩៩ ពាន់លានដុល្លារ សម្រាប់គម្រោងថ្មីចំនួន ៤២៦ ដែលជាគម្រោងសម្រាប់អនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ឬគម្រោងថ្មីៗ។
ការវិភាជ (ការបែងចែក) ទុនវិនិយោគដល់គម្រោងទាំងនេះនឹងត្រូវបែងចែកទៅតាមវិស័យធំៗចំនួន ៤គឺ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេវាកម្ម និងកម្មវិធីអន្តរវិស័យ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា វិស័យនីមួយៗនឹងទទួលបានកម្រិតថវិកាដូចខាងក្រោមនេះ គឺគម្រោងក្នុងវិស័យសង្គមកិច្ចទទួលបានទឹកប្រាក់ប្រហែល ៨,៩ ភាគរយ វិស័យសេដ្ឋកិច្ច នឹងទទួលបានទុន ៣៤,២ ភាគរយ គម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន នឹងទទួលបានទុនវិនិយោគ ៥០,១ ភាគរយ និងគម្រោងក្នុងវិស័យសេវាកម្ម និងកម្មវិធីអន្តរវិស័យនឹងទទួលបានទុន ៦,៨ ភាគរយ នៃថវិកាគម្រោងសរុប។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណងបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័ន ដែលជាគោលនយោបាយដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាល និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣។
លោកបន្ថែមថា តាមការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដែលមាននៅក្នុងជំពូកទី២ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានបង្ហាញយ៉ាងច្បាស់លាស់អំពីវឌ្ឍនភាពសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល។
លោកថ្លែងថា៖ «ការងារដោះស្រាយបញ្ហាប្រឈមទាំងនោះទាមទារឱ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីធ្វើឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ក្នុង ១ ឆ្នាំ និងទិសដៅអាទិភាពនានាដែលគាំទ្រប្រជាជនក្រីក្រនៅទីជនបទ ព្រមទាំងការអភិវឌ្ឍកសិកម្ម និងជនបទតាមរយៈការលើកកម្ពស់ផលិតភាព និងពិពិធកម្មកសិកម្ម ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣»។
លោកបន្តថា៖ «ការងារទាំងនេះ គឺជាអាទិភាពតែ ១ គត់ដែលអាចផ្តល់នូវផលប្រយោជន៍ចំពោះមុខ និងយូរអង្វែង ក៏ដូចជាផ្តល់នូវបណ្ដាញសុវត្ថិភាពសង្គមដ៏ឆាប់រហ័សសម្រាប់ប្រជាជនក្រីក្រដែលភាគច្រើនរស់នៅតំបន់ជនបទ ព្រមទាំងអាចបង្កើននូវអំណាចទិញ និងសុខុមាលភាពរបស់ពួកគាត់ ធានានូវចីរភាពកំណើនសេដ្ឋកិច្ច និងជំរុញការធ្វើពិពិធកម្ម និងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលាយជាមុន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ថវិកាសម្រាប់អភិវឌ្ឍវិស័យសាធារណៈរបស់រដ្ឋាភិបាល ១ ផ្នែកទទួលបានពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។ ការបញ្ចេញថវិកាច្រើនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងជួយគាំទ្រដល់វិស័យកសិកម្ម និងទេសចរណ៍ក្នុងស្រុកឱ្យមានភាពរីកចម្រើនថែមមួយកម្រិតទៀត។
លោកថ្លែងថា៖ «យើងត្រូវមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ ព្រោះម្ចាស់ជំនួយរបស់យើងក៏គេចង់ដឹងពីផែនការទាំងនេះដែរក្នុងការបន្តផ្តល់ជំនួយបន្ថែមដល់ប្រទេសរបស់យើង ហើយយើងជាវិស័យឯកជនពិតជាមានការគាំទ្រយ៉ាងខ្លាំង ចំពោះការបង្កើនទំហំវិនិយោគសាធារណៈលើគម្រោងហេដ្ឋារចនាសម្ព័ន្ធវាជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិ និងវិស័យឯកជន»។
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០២១-២០២៣ ត្រូវបានរៀបចំឡើងមាន ៤ ជំពូក និងបញ្ជីតារាងចំនួន ១១ ហើយត្រូវបានអនុម័តដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រកន្លងទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រថា ក្នុងបរិបទនៃជំងឺកូវីដ ១៩ ប្រទេសកម្ពុជា នៅរក្សាបានចំពោះការគ្រប់គ្រងហិរញ្ញវត្ថុក្នុងស្ថានភាពល្អប្រសើរ ដោយរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ចេញថវិកាសម្រាប់គាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សាធារណៈ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក និងគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើម៕