(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ថា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។
ស្ថានភាពបែបនេះធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ
បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕