បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។
ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ហើយពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្តម ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) ។
ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga ) មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។
គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់ និងភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួច អបអរភាពរុងរឿងសម្បូរសប្បាយរបស់ជាតិ រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង ១២ រំលងអាធ្រាតុ ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ ហើយថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ៕