Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល

Sang Kim | Nov 20, 2020
កូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេពីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាល
Clinic narith

ប្រទេសកូរ៉េបានឯកភាពជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេនៅភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្តាលហើយ។ នេះបើយោងតាមកាចុះផ្សាយពីទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា «តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គេបានឯកភាពជួយសាងសង់ស្ពានមួយនៅក្នុងរាជធានីភ្នំពេញរបស់យើងហើយ។ តែក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរកំពុងសិក្សា និងរើសទីតាំង»។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់អាចបញ្ជាក់ពីទីតាំង និងទំហំទឹកប្រាក់ដែលត្រូវសាងសង់នៅឡើយនោះទេ។ ឯកឧត្តមគ្រាន់តែបញ្ជាក់ថា ជាស្ពានឆ្លងកាត់ទន្លេ និងមានទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីដើមឆ្នាំ២០២០នេះ សម្តេចបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ជួយសាងសង់ស្ពានឆ្លងកាត់ទន្លេនៅកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា បច្ចុប្បន្នមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន ឆ្លងកាត់ទន្លេអស់ហើយ។ តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេនៅឡើយ ដូច្នេះសម្តេចក៏បានស្នើប្រធានាធិបតីកូរ៉េ ជួយសាងសង់ស្ពានមិត្តភាពឆ្លងកាត់ទន្លេ។

សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេដែលសម្តេចចង់សាងសង់នោះ គឺតភ្ជាប់រាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រទឹកដីជ្រោយចង្វា ឆ្ពោះទៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ស្ពានឆ្លងកាត់ទន្លេតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅឃុំស្វាយជ្រុំ ជាសមិទ្ធផលមួយដែលពលរដ្ឋក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលរំពឹងចង់ឃើញជាយូរណាស់មកហើយ។ បើសិនជាស្ពាននេះលិចចេញជារូបរាង នឹងក្លាយជាសម្បត្តិដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេ៕