នាយករដ្ឋមន្ត្រីអេស្ប៉ាញបាននិយាយថា ប្រទេសអេស្ប៉ាញនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាទូទៅនៅខែមករាខាងមុខនេះ។ លោក ផេដ្រូ សានឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីអេស្ប៉ាញបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ គឺជាប្រទេសអឺរ៉ុបដំបូងគេដែលមានផែនការចាក់វ៉ាក់សាំងនេះពេញលេញ។
លោក សានឆេស បានប្រាប់សន្និសីទកាសែតក្រោយពីមានកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុម ជី២០ (G20) តាមអនឡាញរយៈពេល២ថ្ងៃថា ប្រទេសអេស្ប៉ាញនឹងមានវ៉ាក់សាំងចំនួន ១៣ ០០០ ដូស ហើយប្រទេសនេះនឹងអនុវត្តយុទ្ធសាស្ត្រជាតិតែមួយដោយចាប់ផ្ដើមជាមួយក្រុមអាទិភាពមួយចំនួន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ បានបន្ថែមទៀតថា លោកនឹងបង្ហាញផែនការនេះទៅគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចពីផែនការនេះ ហើយប្រទេសអេស្ប៉ាញក៏គ្រោងនឹងធ្វើការជ្រើសរើសគ្រូពេទ្យជំនាញថែមទៀតផងដែរ។
ប្រទេសអេស្ប៉ាញ មានតួលេខអ្នកឆ្លងជំងឺ ខូវីដ១៩ ច្រើនជាងគេបំផុតទី២នៅតំបន់អឺរ៉ុប បន្ទាប់ពីប្រទេសបារាំង ដោយប្រទេសអេស្ប៉ាញមានករណីឆ្លងសរុបប្រហែល ១.៥ លានករណី និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួនសរុប ៤៦ ៦១៩ នាក់៕