Alynana Media Cambodia
Icon Collap
clinic narit

ភ្នាក់ងារគណបក្សន​យោបាយ ចំនួន៩,៦៦៦​នាក់ ចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

Sang Kim | Nov 24, 2020
ភ្នាក់ងារគណបក្សន​យោបាយ ចំនួន៩,៦៦៦​នាក់ ចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
Clinic narith

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ក្រុមប្រឹក្សា​ឃុំ សង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សន​យោបាយ ចំនួន៩,៦៦៦​នាក់ ចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០​ហើយក្នុង​នោះភា្នក់ងារ​ពេញ​សិទ្ធិ មាន​ចំនួន ៣,០២២នាក់ និងភា្នក់ងារ​បម្រុង​មាន​ចំនួន ៦,៦៤៤នាក់។

​យោងតាមក្រម​សីលធម៌​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស​នយោបាយ​ប្រការ ដែលត្រូវហាមឃាត់ ចំពោះភ្នាក់ងារគណបក្សនយោបាយ​ទាំងអស់មានដូច​ជា ទី១, ការរារាំងប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិន​ឲ្យទៅចុះឈ្មោះបោះឆ្នោត ឬការ​រារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅ​បញ្ជី​បោះឆ្នោត។ទី២, ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត។ទី៣, ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន​ឬការរារាំងសកម្មភាព​ជាប្រក្រតីក្នុងការិយាល័យ​ចុះឈ្មោះបោះ​ឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ទី៤, និយាយ​ដោយផ្ទាល់មាត់ ឬដោយប្រយោល ឬ​សរសេរ​ជាលាយ​លក្ខណ៍អក្សរ​ក្នុងន័យ​ប្រមាថ​មាក់ងាយ​ទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសុំចុះឈ្មោះបោះឆ្នោត ឬ​មន្ត្រីចុះឈ្មោះបោះឆ្នោត។

ទាក់ទងនឹងបញ្ហានេះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត​​នឹង​រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត​ដំបូង​​និងបញ្ជី​ឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំង​ប្រទេស ព្រមទាំង​ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ក្រោយពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ៕