សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយ អាមេរិក (USAID) ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក សម្រាប់ជួយដល់ការខិតខំក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរ តាំងពីដើមខែតុលាមក។
លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ “យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មានការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់ នៅឆ្នាំនេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយគ្រោះទឹកជំនន់ទាំងនេះ”។
ជាមួយនឹងថវិកាបន្ថែមនេះ ការិយាល័យផ្តល់ជំនួយមនុស្សធម៌ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយនេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ដល់គ្រួសារចំនួនជាង ២៥៦០ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។
លោកស្រី Claire Conan តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែមនេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ស្តារស្ថានភាពរបស់គេ ពិសេសដោយពួកគេជាច្រើនក៏រងគ្រោះផងដែរដោយសារបញ្ហាជំងឺរាតត្បាតជាសាកល។ អង្គការ WFP នឹងធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មីនេះ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។
ក្រៅពីនេះទៀត ជាមួយនឹងជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មានលើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការនេះបានរួមចំណែកធ្វើឲ្យគណៈកម្មាធិការនេះ អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។
ក្រៅពីនេះទៀត ដោយមានជំនួយរបស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យនានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទឺកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។
តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ៕