Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងអភិវឌ្ឃន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ជួសជុលផ្លូវខូចខាតដោយទឹកជំនន់

Sang Kim | Nov 24, 2020
ក្រសួងអភិវឌ្ឃន៍ជនបទ ត្រូវការថវិកាជាង៩១លានដុល្លារ ជួសជុលផ្លូវខូចខាតដោយទឹកជំនន់
Clinic narith

ទឹកជំនន់​ឆ្នាំ​២​០​២​០​ ​បាន​ធ្វើឲ្យ​ផ្លូវ​ខូចខាត​ជាង​៣​ពាន់​គីឡូម៉ែត្រ​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​នា​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​នេះ​។​ ​ផ្លូវ​ ​ដែល​រង​ការខូចខាត​ ​តាម​ការ​ប៉ាន់ស្មាន​របស់​​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​ប្រមាណ​៩​១​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ជួសជុល​ឡើងវិញ​។

 

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ផ្លូវតាមខេត្តប្រមាណ ៦៥៩ខ្សែ ដែលមានប្រហែលប្រមាណ ៥ ៣២៩គីឡូម៉ែត្រ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានផ្លូវប្រវែង ៣ ១៥៤គីឡូម៉ែត្រ រងការខូចខាត ហើយតម្រូវឲ្យមានការជួសជុលឡើងវិញ​។ នេះបើតាម លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្មមន្ត្រីនៅថ្ងៃទី២៤ ខែវិច្ឆកានេះ។

តាមការប៉ាន់ស្មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវដែលរងការខូចខាតទូទាំង២៥រាជធានីខេត្ត នឹងត្រូវប្រើប្រាស់ថវិកាប្រមាណ៩១លានដុល្លារអាមេរិក។ នេះបើតាម លោក ចាន់ ដារ៉ុង។ លោកបន្តថា ផ្លូវតាមខេត្តចំនួន៩ខេត្ត បានរងផលប៉ះពាល់ធ្ងន់ពីជំនន់ទឹកឆ្នាំ២០២០ ក្នុងចំណោមរាជធានី ខេត្តទាំង២៥។ នៅក្នុងខេត្តទាំង៩នោះ ក៏មានផ្លូវក្នុងខេត្តចំនួន៣ ដែលរងការខូចខាតខ្លាំង និងស្ថិតនៅក្នុងអាទិភាពនៃការដោះស្រាយជួសជុល គឺខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, និងខេត្តបាត់ដំបង។

លោកបន្ថែមថា តាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានថវិកាចំនួនជាង១៥លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជួសជុលផ្លូវក្នុងខេត្ត ដែលរងផលប៉ះពាល់ខ្លាំង គឺខេត្ត បន្ទាយមានជ័យ ចំនួន៤.៦លាន, ខេត្តពោធិ៍សាត់ ចំនួន៤.៦លាន​, និងខេត្តបាត់ដំបង ចំនួនជាង៣.៣លានដុល្លារអាមេរិក។ តាមគម្រោងផ្លូវ ដែលរងផលប៉ះពាល់ខ្លាំង នឹងត្រូវធ្វើឲ្យរួចរាល់នៅមុនរដូវវស្សាឆ្នាំ២០២១ខាងមុខនេះ។

 

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី២៤ ខែវិច្ឆិកា នេះ បានអះអាងថា គណៈកម្មាធិការ កំពុងបូកសរុបផលប៉ះពាល់ ដែលបង្កឡើងដោយគ្រោះទឹកជំនន់នៅក្នុងឆ្នាំ២០២០នេះ ដូច្នេះមិនទាន់មានទិន្នន័យផ្លូវការនៅឡើយទេ។ ប៉ុន្តែយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលអានដោយលោក ផៃ ស៊ីផាន  អ្នកនាំពាក្យរាជរដ្ឋាភិ​បាលកម្ពុជា គិតត្រឹមចុងខែតុលា ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត ៦០ម៉ឺននាក់ (៥៩៩,៤២៨នាក់) រស់នៅ​ក្នុង​២០ខេត្តក្រុង ដោយ​ក្នុងនោះ បានសម្លាប់មនុស្ស៤៤នាក់។ ក្រៅពីនេះ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួនជាង​ ១៣ម៉ឺនខ្នង​ (១៣៤,០០៣ខ្នង) សាលារៀនចំនួន ៩៥១ខ្នង​ ក៏ត្រូវ​បានរង​ផលប៉ះពាល់ដោយទឹកជំនន់ផងដែរ៕

126281523_3204895306421052_947252267307927559_n

126458389_3204895359754380_7096633609930270655_n

127022843_3204895316421051_5304516059839495319_n