នៅព្រលប់យប់ថ្ងៃចន្ទ ទី២៣ វិច្ឆិកា ប្រធានាធិបតីអាមេរិកផុតអាណត្តិលោកដូណាល់ ត្រាំបានផ្តល់ភ្លើងខៀវឲ្យរដ្ឋបាលរបស់លោកផ្តើមរៀបចំនីតិវិធីផ្ទេរអំណាចទៅឲ្យរដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោកចូ បៃដិន។ ការយល់ព្រមឲ្យមាននីតិវិធីផ្ទេរអំណាចនេះត្រូវបានលោកត្រាំសរសេរនៅក្នុងទំព័រ Twitter របស់លោក។ តែលោកត្រាំនៅបន្តមិនទទួលស្គាល់បរាជ័យជាផ្លូវការ។ យ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកបៃដិនបានសាទ័រការយល់ព្រមរបស់លោកត្រាំដែលអនុញ្ញាតឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី។ ចំណែកលោកបៃដិនបានប្រកាសឲ្យដឹងពីឈ្មោះឥស្សរជនមួយចំនួននៅក្នុងអនាគតគណៈរដ្ឋមន្រ្តីរបស់លោក។
គេត្រូវរង់ចាំជាង ២សប្តាហ៍ក្រោយការប្រកាសជ័យជំនះរបស់លោកចូ បៃដិនទើបលោកដូណាល់ ត្រាំបានយល់ព្រមឲ្យផ្តើមនីតិវិធីផ្ទេរអំណាច។ ការអូសបន្លាយពេលដោយលោកត្រាំមិនអស់ចិត្ត និងនៅតែគិតថា គឺលោកទេតើជាអ្នកឈ្នះដោយចោទពីការលួចបន្លំសន្លឹកឆ្នោត និងបានប្តឹងទៅតុលាការដើម្បីឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ពិសេសនៅក្នុងរដ្ឋសំខាន់ៗដែលសន្លឹកឆ្នោតគាំទ្រលោកបៃដិនលើសសន្លឹកឆ្នោតគាំទ្រលោកត្រាំតិចតួចបំផុត។ តាមការទាមទាររបស់លោកត្រាំនេះ រដ្ឋមួយចំនួនក៏យល់ព្រមរាប់សន្លឹកឆ្នោតឡើងវិញ តែលទ្ធផលហាក់គ្មានការផ្លាស់ប្តូរធំដុំទេ មានន័យថា លោកបៃដិននៅតែនាំមុខលោកត្រាំដដែល។
បន្ទាប់មក មានរដ្ឋខ្លះក៏បានប្រកាសលទ្ធផលផ្លូវការជាបន្តបន្ទាប់។ ក្រោយពីរដ្ឋ Georgia ក្នុងសប្តាហ៍កន្លងទៅ រដ្ឋ Michigan ទើបបានប្រកាសលទ្ធផលផ្លូវការនាថ្ងៃចន្ទ ទី២៣ វិច្ឆិកាដោយផ្តល់ជោគជ័យឲ្យលោកបៃដិនដូចរដ្ឋ Georgia ដែរ។ គេអាចនិយាយបានថា គឺការប្រកាសលទ្ធផលផ្លូវការរបស់រដ្ឋ Michigan ដែលបានធ្វើឲ្យលោកត្រាំប្តូរចិត្តដោយយល់ព្រមឲ្យមានការផ្ទេរអំណាចពេលនេះ។ តែបើគេពិនិត្យជារួម លោកត្រាំប្រហែលជាគ្មានផ្លូវអាចក្លាយជាប្រធានាធិបតីជាប់ឆ្នោតវិញបានឡើយ។ លោកបៃដិននៅជាប្រធានាធិបតីជាប់ឆ្នោតដោយទទួលបានអង្គបោះឆ្នោតចំនួន ៣០៦ ទល់នឹងលោកត្រាំដែលទទួលបានតែ ២៣២។ តាមធម្មតា បេក្ខជនត្រូវការអង្គបោះឆ្នោតតែ ២៧០ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។
លោកត្រាំនឹងផ្ទេរអំណាចឲ្យលោកបៃដិនដោយមិនបាច់ប្រកាសទទួលស្គាល់បរាជ័យជាផ្លូវការ?
នៅក្នុងសារបង្ហោះតាមទំព័រ Twitter នាព្រលប់យប់ថ្ងៃចន្ទ ទី២៣ វិច្ឆិកា លោកត្រាំបន្តមិនទទួលស្គាល់បរាជ័យ និងថែមទាំងបានចាត់ទុកការបោះឆ្នោតអាមេរិកលើកនេះជាការបោះឆ្នោតមហាពុករលួយនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ បន្ទាប់មក លោកត្រាំបានសន្យាបន្តការតវ៉ាដោយនៅតែចាត់ទុកលោកជាអ្នកឈ្នះ។ តែការសុខចិត្តឲ្យមានការផ្ទេរអំណាចពេលនេះត្រូវបានលោកត្រាំលើកយកហេតុផលទៅពន្យល់ថា គឺដើម្បីផនប្រយោជន៍ល្អសម្រាប់ប្រទេស។
ទោះជាយ៉ាងនេះក្តី គ្រប់គ្នាបានមើលឃើញថា ការដែលលោកត្រាំបានយល់ព្រមឲ្យមានការផ្ទេរអំណាចពេលនេះជាការទទួលស្គាល់បរាជ័យដោយប្រយោល ឬទទួលស្គាល់បរាជ័យចុងមាត់ ចុង ក ។ គេពិតជាយល់ពីទឹកចិត្តរបស់លោកត្រាំដែលបន្តមិនទទួលបរាជ័យជាផ្លូវការ។ បើបានជាជ្រុលប្រើសម្តីដោយចាត់ទុកការជាប់ឆ្នោតរបស់លោកបៃដិនជាការលួចបន្លំសន្លឹកឆ្នោត លោកត្រាំត្រូវតែបន្តជំហរមួយនេះដោយមិនចង់លេបសម្តីខ្លួនចូលវិញដែលនាំឲ្យអាម៉ាស់មុខ។
នីតិវិធីនៃការផ្ទេរអំណាចរវាងលោកត្រាំ និងលោកបៃដិន
បើអ្វីៗមានដំណើរទៅមុខដោយរលូន ការផ្ទេរអំណាចរវាងប្រធានាធិបតីផុតអាណត្តិលោកត្រាំ និងប្រធានាធិបតីជាប់ឆ្នោតលោកបៃដិននឹងធ្វើឡើងនៅថ្ងៃទី២០ មករា ឆ្នាំ ២០២១។ តែចាប់ពីពេលនេះទៅដល់ថ្ងៃស្បថចូលកាន់តំណែងរបស់លោកបៃដិន ក្រុមការងារក្នុងរដ្ឋបាលរបស់លោកត្រាំ និងក្រុមការងារក្នុងអនាគតរដ្ឋបាលលោកបៃដិនត្រូវចាប់ផ្តើមធ្វើការងារជាមួយគ្នាពីឥឡូវទៅ។ ទីភ្នាក់ងាររដ្ឋបាលសហព័ន្ធដែលដឹកនាំដោយលោកស្រី Emily Murphy បានទទួលភ្លើងខៀវពីលោកត្រាំឲ្យចាត់ចែងរៀបចំដំណើរការធ្វើការងាររវាងក្រុមការងាររបស់លោកត្រាំ និងក្រុមការងាររបស់លោកបៃដិន។
ជាមួយនឹងភ្លើងខៀវពីលោកត្រាំនេះ លោកបៃដិន និងក្រុមការងាររបស់លោកមានលុយក្នុងដៃចំនួន ៦លានដុល្លារសម្រាប់ការចំណាយផ្សេងៗនៅក្នុងរយៈពេលអន្តរកាលនេះ។ ចាប់ពីពេលនេះទៅ ក្រុមការងាររបស់លោកបៃដិនអាចចូលទៅធ្វើការជាមួយក្រុមការងាររបស់លោកត្រាំនៅតាមក្រសួង និងស្ថាប័ននានា ពិសេសអាចផ្តើមចូលមើល និងទទួលព័ត៌មានរសើបៗ ពិសេសព័ត៌មានទាក់ទងនឹងសន្តិសុខរបស់ប្រទេស។ ខណៈនេះ លោកបៃដិនបានប្រកាសបណ្តើរៗនូវឈ្មោះរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដែលលោកនឹងតែងតាំងសម្រាប់អនាគតគណៈរដ្ឋមន្រ្តីរបស់លោក។ តែគេបានសង្កេតឃើញថា ឥស្សរជនដែលលោកបៃដិនបានជ្រើសយកច្រើនជាឥស្សរជនដែលមានបទពិសោធន៍ការងារខ្ពស់ធ្លាប់ធ្វើការនៅក្នុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា។
សម្រាប់តំណែងរដ្ឋមន្រ្តីការបរទេស លោកបៃដិននឹងជ្រើសយកលោក អង់តូនី ប្ល៊ីងកិន (Antony Blinken)។ មានអាយុ ៥៨ឆ្នាំ លោកប៊្លីងកិលជាអតីតអនុរដ្ឋមន្រ្តីការបរទេសក្នុងជំនាន់លោកអូបាម៉ា និងជាអតីតទីប្រឹក្សាការទូតម្នាក់របស់លោកបៃដិនក្នុងពេលលោកបៃដិនកាន់តំណែងអនុប្រធានាធិបតីរបស់លោកអូបាម៉ា។ លោក អាឡេហាន់ដ្រូ ម៉ាយ៉រកាស (Alejandro Mayorkas) ដែលមានអាយុ ៦០ឆ្នាំ និងមានដើមកំណើតអាមេរិកឡាទីនត្រូវបានលោកបៃដិនយកឲ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងសន្តិសុខផ្ទៃក្នុង។
លោកចន ឃែរី (John Kerry) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសក្នុងជំនាន់លោកអូបាម៉ានឹងត្រូវលោកបែដិនតែងតាំងជាប្រេសិតពិសេសទទួលបន្ទុកបញ្ហាអាកាសធាតុ។ លោកស្រី អាវ្រីល ហេនស៍ (Avril Haines) មានអាយុ ៥១ឆ្នាំនឹងត្រូវតែងតាំងជានាយិកាផ្នែកចារកិច្ច ហើយលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នឹងតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិ។ លោកស្រីលីនដា ថូម៉ាស់គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) ដែលជាស្រ្តីស្បែកខ្មៅនឹងទទួលបានតំណែងជាឯកអគ្គររដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ លោកបៃដិនបានបញ្ជាក់ថា លោកត្រូវការឥស្សរជនដែលត្រៀមធ្វើការចាប់ពីថ្ងៃទី១ នៃការកាន់អំណាច៕