Alynana Media Cambodia
Icon Collap
clinic narit

មន្រ្តីជំនាញរកឃើញសារធាតុមេតាណុលកម្រិតខ្ពស់ក្នុងស្រា ដែលពលរដ្ឋពុលជាច្រើននាក់ នៅខេត្តកំពង់ឆ្នាំង

Admin Alynana | Dec 01, 2020
មន្រ្តីជំនាញរកឃើញសារធាតុមេតាណុលកម្រិតខ្ពស់ក្នុងស្រា ដែលពលរដ្ឋពុលជាច្រើននាក់ នៅខេត្តកំពង់ឆ្នាំង
Clinic narith

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះប្រតិបត្តិការត្រួតពិនិត្យស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រា ចំនួន០៨កន្លែង (៣កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង៥កន្លែងទៀត ក្នុងស្រុកកំពង់ត្រឡាច)។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះធ្វើការសាកសួរព័ត៌មានសាវតា ពាក់ព័ន្ធនៃការពុល និងបានប្រមូល និងដកយកគំរូសំណាកស្រា សរុបចំនួន៧៣គំរូ (១៨គំរូទទួលពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង៥៥គំរូ ទទួលបានពីទីតាំងសិប្បកម្ម៨កន្លែង) មកធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប.។

បើតាមមន្ដ្រីនៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា លទ្ធផល នៃការធ្វើតេស្តគំរូសំណាករួមមាន៖

*៥គំរូ នៃស្រាចំនួន១៦គំរូ ដែលទទួលបានពីស្នងការដ្ឋាននគរបាលខេត្ត មានវត្តមានមេតាណុល ក្នុងកម្រិតខ្ពស់ចាប់ពី១០.៥% រហូតដល់១៧.២៥% លើសកម្រិតអនុញ្ញាត ដែលឲ្យខ្ពស់បំផុតត្រឹមតែ០.១៥% ប៉ុណ្ណោះ។
*៥៥គំរូ ដែលបានដកហូត ពីសិប្បកម្មចំនួន៨កន្លែងផ្សេងគ្នា កំពុងធ្វើការវិភាគបន្ត។

តាមរយៈលទ្ធផលខាងលើ និងផ្អែកលើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ សបញ្ជាក់ឲ្យឃើញថា គំរូស្រាចំនួន០៥ ក្នុងចំណោម គំរូស្រាចំនួន១៦ខាងលើ មានកម្រិតមេតាណុល លើសពី១០ក្រាម ក្នុង១០០មីល្លីលីត្រ ស្រា ដែលមានន័យថា ក្មេងជំទង់អាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី១០០មីល្លីលីត្រ ឡើងទៅ និងមនុស្សពេញវ័យអាចពុលស្លាប់បាន ប្រសិនបើទទួលទានចាប់ពី៣០០មីល្លីលីត្រឡើង។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកស្លាប់ដោយសារតែពុលស្រាស នៅខេត្តកំពង់ឆ្នាំង បានកើនដល់ចំនួន០៧នាក់ ខណៈដែលមានអ្នកជាសះស្បើយចំនួន៩០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន៣១នាក់ និងមន្ទីរពេទ្យកាល់ម៉ែត ៣នាក់ផងដែរ។

ជាមូយគ្នានេះ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការទទួលទានស្រា ដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មិនមានប្រភពច្បាស់លាស់ និងមានតម្លៃទាបហួសហេតុ (មិនសមស្របតាមតម្លៃទីផ្សារ) ដែលអាចជាហានិភ័យ បង្កគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។

ក្នុងកំឡុងពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩ បរិមាណនៃការប្រើប្រាស់អាល់កុល មានការកើនឡើង ដូច្នេះហើយមានការផលិតអាល់កុលច្រើន ធ្វើឲ្យការផ្គត់ផ្គងស្រាស មានការធ្លាក់ចុះ ជាហេតុធ្វើឲ្យជនឱកាសនិយម ឆ្លៀតយកសារធាតុមេតាណុល មកបន្លំធ្វើស្រាស ឬអាល់កុល។ ក្នុងករណីសង្ស័យ មានក្លែងបន្លំ ប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនងមកកាន់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈលេខទូរស័ព្ទ (+៨៥៥) ២៣ ២៣១ ៨៥៦ ឬ (+៨៥៥) ៩២ ៨៣០ ៨៥៦៕