ជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ជនដៃដល់ ក្នុងការបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីមានការសហការរវាងសមត្ថកិច្ចខេត្តបាត់ដំបង ជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ។
ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលេីនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ២២ នាទី រសៀល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង និងដោយមានការសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ជាវ វិបុល និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុន សត្យា បានចុះប្រតិបត្តិការបង្ក្រាបករណី ឃាតកម្ម នាពេលកន្លងមក នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នៅក្នុងកិច្ចប្រតិបត្តិការនេះកម្លាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្សារ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលមានការពាក់ព័ន្ធនៅក្នុងករណីបាញ់សម្លាប់មនុស្សកាលពីយប់ ថ្ងៃទី ២៩ ខែធ្នូ នៅក្នុងទីក្រុងភ្នំពេញ ។ ដោយបច្ចុប្បន្នកម្លាំងបានប្រគល់ ជនសង្ស័យខាងលើឱ្យទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី ៕