ហ្វីលីពីន ៖ យោងតាមប្រភពពី New York Post បានឱ្យដឹងថា ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បានឱ្យដឹងកាលពីពេលថ្មីៗនេះថា គាត់គឺជាមិត្តភក្តិរបស់គ្រួសារនារីបម្រើការលើយន្តហោះហ្វីលីពីន ដែលបានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេសង្ស័យថាជាករណីចាប់រំលោ.ភ ស.ម្លា.ប់នៅក្នុងពិធីជប់លៀងមួយនៅថ្ងៃចូលឆ្នាំសកលកន្លងទៅ ។ប៉ាក់គីអៅ ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាហ្វីលីពីន១រូប ដែលទើ់បជាប់ឆ្នោតជាប្រធានគណបក្ស PDP-Lanban របស់ប្រធានាធិបតីបច្ចុប្បន្នគឺលោក រ៉ូទ្រីហ្គោ ឌូដឺតេ (Rodrigo Duterte) បានប្រាប់វីទ្យុ DZRH News ថា គាត់តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងមរណភាពរបស់នារីរងគ្រោះ ដែលមានឈ្មោះថា Christine Angelica Dacera អាយុ ២៣ឆ្នាំ ខណៈដែលក្រុមគ្រួសាររបស់នាងគឺជាមិត្តភក្តិដែលរស់នៅស្រុកកំណើតជាមួយគ្នាក្នុងទីក្រុង General Santos ។
ប៉ាក់គីអៅ ក៏បានប្រកាសនឹងផ្តល់ប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ការចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធករណីមួយនេះ។ ហើយគាត់ក៏បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតលើជនបង្ក។ ដោយគាត់បាននិយាយថា «អ្វីដែលខ្ញុំស្អប់បំផុតគឺការរំលោ.ភសេពសន្ថវៈ ដូច្នេះខ្ញុំកំពុងជំរុញឱ្យមានការកាត់ទោសប្រហារជីវិត»។
សូមបញ្ជាក់ថា មរណភាពរបស់នាង Christine Angelica Dacera កំពុងតែក្លាយជាប្រធានបទដ៏ក្តៅបំផុតក្នុងប្រទេសហ្វីលីពីន ខណៈបច្ចុប្បន្នប៉ូលិសកំពុងបន្តស្វែងរកភស្តុតាងថ្មីៗបន្ថែមទៀត ដើម្បីឈានដល់ការវែកមុខជនបង្ក ដើម្បីមកផ្តន្ទាទោសតាមផ្លូវច្បាប់៕