Alynana Media Cambodia
Icon Collap
clinic narit

ស្អែក​នេះ​សីតុណ្ហភាព​​​​​​នឹង​ចុះ​ត្រជាក់​ជាង​ ១០​អង្សា

Sang Kim | Jan 08, 2021
ស្អែក​នេះ​សីតុណ្ហភាព​​​​​​នឹង​ចុះ​ត្រជាក់​ជាង​ ១០​អង្សា
Clinic narith

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះ សីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំងមិនធ្លាប់មាន ដោយចុះត្រជាក់រហូតដល់ ១១អង្សា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចុះត្រជាក់នេះ បណ្តាលមកពីទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយខ្យល់មូសុងឦសានខ្លាំង។

ក្រសួងបានឱ្យដឹងថា តាមរយៈបាតុភូតនេះ នឹងធ្វើឱ្យតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣អង្សា ទៅ ១៥អង្សា លាយឡំជាមួយខ្យល់មធ្យម។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សា។

សម្រាប់តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១១អង្សា ទៅ ១៣អង្សា លាយឡំជាមួយខ្យល់ខ្លាំងផងដែរ។

ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សា ទៅ ១៩អង្សា។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗផងដែរ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ការចុះត្រជាក់នេះ គឺជាស្ថានភាពមួយមិនធ្លាប់មានពីមុនមកនោះឡើយសម្រាប់កម្ពុជា។ ក្រសួងធនធានទឹក បានអំពាវនាវសូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ។

ក្រសួងបានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

អានពិស្តារ៖

Feature999-1