Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន សែន ណែនាំ​១២ចំណុច​ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សាឆ្នាំ២០២០-២០២១

Admin Alynana | Jan 11, 2021
សម្តេច ហ៊ុន សែន ណែនាំ​១២ចំណុច​ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សាឆ្នាំ២០២០-២០២១
Clinic narith

នៅក្នុងឱកាសបើកបវេសនកាលសិក្សាឆ្នាំថ្មី នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទំាងមូលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មានសារៈសំខាន់នេះ ក្រោមទស្សនាទានថ្មីគឺ គន្លងជីវិតថ្មីក្នុងវិស័យអប់រំ។ 

ស្របឱកាសនេះដែរ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ សម្តេចតេជោ បានណែនាំ ១២ ចំណុចសំខាន់ៗលើគន្លងថ្មីក្នុងវិស័យអប់រំនៅកម្ពុជា។ ដោយសេចក្តីណែនាំទាំងនោះរួមមាន៖

ទី១. រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីដំណក់ប្រេងដំបូង ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការ ឯកភាព ជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូលនៅក្នុងរយៈពេល២២ឆ្នាំ មកនេះ។

ទី២. សូមបន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអភិក្រម “៣ការពារ ៣កុំ” ជាពិសេសការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ក្នុងគ្រឹះស្ថានសិក្សា ការអប់រំអំពីសុវត្ថិភាព សុខភាពសិក្សា ការរក្សាគម្លាត ១.៥ម៉ែត្រ និងសុវត្ថិភាពចំណីអាហារ។

ទី៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ” ដោយគិតគូរអំពីជម្រើសឱ្យបានច្រើនក្នុងការផ្តល់សេវាអប់រំ ជាពិសេសដំណើរការបង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងធ្វើវិមជ្ឈការនៃសេវាអប់រំ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ ស្ថានភាពនៃហានិភ័យឆ្លងរីករាលដាលកូវីដ-១៩ និងស្ថានភាពអប់រំ ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តជំរុញ “ការអប់រំឌីជីថល” ឱ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក។

ទី៤. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំ និងអនុវត្តកម្មវិធីសិក្សាបំព្រួញ ដោយកំណត់ជាមុខវិជ្ជា កាតព្វកិច្ច និងមុខវិជ្ជាជម្រើស មេរៀនសិក្សាក្នុងថ្នាក់រៀន និងមេរៀនស្វ័យសិក្សា ដើម្បីធានាថា ការរៀនសូត្ររបស់សិស្សានុសិស្សបានពេញលេញផ្តោតលើចំណុចសំខាន់ៗនិងស៊ីជម្រៅ ជាពិសេស មេរៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការកំណត់មេរៀនសម្រាប់ការប្រឡងសញ្ញាបត្រ។

ទី៥. ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើការពិនិត្យឡើងវិញឱ្យស្របនឹងបរិបទថ្មីៗ ដែលតម្រូវឱ្យមានភាពរស់រវើក និងកាន់តែធានាបាននូវភាពស័ក្តិសិទ្ធិនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិក នៅ គ្រប់លំដាប់ថ្នាក់ រួមបញ្ចូលទាំងការគ្រប់គ្រងគ្រូបង្រៀន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុង វិស័យអប់រំ និងហិរញ្ញប្បទានសហប្រតិបត្តិការ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈជាប្រចាំដល់អ្នកគ្រប់គ្រង នាយកសាលា និងគ្រូបង្រៀន។

ទី៦. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្រ បង្រៀនតាមបែបការរិះរក និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជា វិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា វិស្វកម្ម និង គណិតវិទ្យា ដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ជាពិសេស សិស្សមានបំណិនសតវត្សទី២១ ។ ក្រសួងអប់រំយុវជន និងកីឡាត្រូវ រៀបចំប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ រួមទាំងវគ្គវិក្រឹតការតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យា ទំនើប ។ ក្រសួង ត្រូវបន្តកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដល់សាលារៀន បន្ទប់រៀន បន្ទប់ ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្តែងរបស់ សាលារៀន សម្រាប់បម្រើដល់ការបង្រៀននិងរៀនបែបថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងបរិបទកូវីដ-១៩។

ទី៧.គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយ ទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនដែលមានប្រសិទ្ធភាព។ គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែងលាង និងសួនធម្មជាតិ ។ ល ។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ ។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈ តាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ករណីមានប្រធានស័ក្ដិ កើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានា ។

ទី៨. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុក ម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួន ជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀនដល់សិស្ស និស្សិត ឱ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃ អនាគត ។

ទី៩. ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យ បានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងសង្គមជាតិយើង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។

ទី១០. មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់គាំទ្រ ការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។

ទី១១. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវ យកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ - រូបវ័ន្តនិងការ គាំទ្រ ផ្សេង ទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមសហការរបស់ក្រសួង សុខាភិបាល ក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប ស្កាត់កុំឱ្យមានឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រឹះ ស្ថាន-សិក្សា។

ទី១២. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត សូមបន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត៕

No photo description available.
No photo description available.
No photo description available.
No photo description available.