Alynana Media Cambodia
Icon Collap
clinic narit

តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​ថ្លៃ​ភាគហ៊ុន​មាន​បម្រែបម្រួល​? ជាគោលការណ៍​សត្យានុម័ត​ក្នុង​ន័យ​សេដ្ឋកិច្ច​

Admin Alynana | Jan 19, 2021
តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​ថ្លៃ​ភាគហ៊ុន​មាន​បម្រែបម្រួល​? ជាគោលការណ៍​សត្យានុម័ត​ក្នុង​ន័យ​សេដ្ឋកិច្ច​
Clinic narith

បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន បង្កើត​ឱ្យ​មាន​ឱកាស​ក្នុង​ការស្វែងរក​ផលចំណេញ និង​ច្រាស​មកវិញ​ក៏​អាច​ធ្វើឱ្យ​រង​ការខាតបង់​ដល់​វិនិយោគិន​ផងដែរ​។ តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​ថ្លៃ​ភាគហ៊ុន​មាន​បម្រែបម្រួល​? ជាគោលការណ៍​សត្យានុម័ត​ក្នុង​ន័យ​សេដ្ឋកិច្ច​តម្រូវការ និង​ការផ្គត់ផ្គង់ គឺជា​ហេតុផល​ចម្បង​នាំឱ្យ​ថ្លៃទំនិញ​ ឬ​ផលិតផល​មួយ​ប្រែប្រួល​។ វា​ដូចគ្នា​ផងដែរ​ចំពោះ​ភាគហ៊ុន​។

កត្តា​ទាំងឡាយ​ណា​ដែល​នាំឱ្យ​មាន​តម្រូវការ​ (​បញ្ជា​ទិញ​) ​ភាគហ៊ុន​ច្រើនជាង​ការផ្គត់ផ្គង់​ (​បញ្ជា​លក់​) នឹង​នាំឱ្យ​ថ្លៃ​ភាគហ៊ុន​កើនឡើង ហើយ​ច្រាស​មកវិញ កត្តា​ទាំងឡាយណា​ដែលនាំឱ្យ​មានការ​ផ្គត់ផ្គង់​ (​បញ្ជា​លក់​) ​ភាគហ៊ុន​ច្រើនជាង​តម្រូវការ​ (​បញ្ជា​ទិញ​) នឹង​នាំឱ្យ​ថ្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​។ ដើម្បី​ងាយស្រួល​ចងចាំ យើង​សូម​បែងចែក​កត្តា​ទាំងនោះ​ជា​ ៣ ​ធំៗ​រួមមាន កត្តា​ខាងក្នុង កត្តា​ខាងក្រៅ និង​ទំនោរ​ទីផ្សារ​។

កត្តា​ខាងក្នុង
កត្តា​ខាងក្នុង​គឺ​សម្តៅ​ដល់​កត្តា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ក្រុមហ៊ុន​ផ្ទាល់ ដែល​អាច​ជះឥទ្ធិពល​ដល់​ថ្លៃ​ភាគហ៊ុន​ខ្លួន​នៅលើ​ទីផ្សារ​។ កត្តា​ទាំងនេះ​រួមមាន​ដូចខាងក្រោម​៖

របាយការណ៍​ហិរញ្ញវត្ថុ
ជាទូទៅ​ថ្លៃ​ភាគហ៊ុន​នឹង​មាន​ការប្រែប្រួល នៅពេល​ក្រុមហ៊ុន​ចេញ​ផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស ឆមាស និង ប្រចាំឆ្នាំ​ទៅ​តាម​លទ្ធផល​នៃ​អាជីវកម្ម​របស់ខ្លួន​។ ប្រសិនបើ​របាយការណ៍​បង្ហាញ​ពី​កំណើន​នៃ​ប្រាក់ចំណេញ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ចំណាយ ភាពរឹងមាំ​នៃ​ការលក់​ជាដើម វា​នឹង​ធ្វើឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន ហើយ​វិនិយោគិន​នឹង​ហ៊ាន​ផ្តល់​តម្លៃ​កាន់តែ​ខ្ពស់​ចំពោះ​ថ្លៃ​ភាគហ៊ុន​នោះ​។

គោលនយោបាយ​ភាគលាភ
គោលនយោបាយ​ភាគលាភ និង​សេចក្តី​សម្រេច​ទៅលើ​អនុបាត​បែងចែក​ភាគលាភ មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ថ្លៃ​ទីផ្សារ​។ ប្រសិនបើ​ក្រុមហ៊ុន​មាន​គោលនយោបាយ​បែងចែក​ភាគលាភ​ខ្ពស់ និង​ជាប្រចាំ វា​មាន​ការទាក់ទាញ​ខ្ពស់​ជាពិសេស​សម្រាប់​វិនិយោគិន​រយៈពេល​ខ្លី​។

ជាទូទៅ​នៅ​ពេល​ជិត​ដល់​ថ្ងៃ​បែងចែក​ភាគលាភ ថ្លៃ​ភាគហ៊ុន​នឹង​កើនឡើង ដោយសារ​អ្នក​ដែល​ទិញ​បាន​នឹងមាន​សិទ្ធិ​ទទួលបាន​ភាគលាភ ទោះបី​ជា​ទើបនឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ក៏ដោយ​។ ឧទាហរណ៍​មួយ​ផ្សេងទៀត ប្រសិន​បើ​ក្រុមហ៊ុន​ផ្លាស់ប្តូរ​គោលនយោបាយ​ដោយ​មិន​បែងចែក​ភាគលាភ​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ ដោយ​រក្សាទុក​ប្រាក់ចំណេញ​ទាំងអស់​ជា​ទុនវិនិយោគ​សម្រាប់​ពង្រីក​អាជីវកម្ម វា​អាច​ធ្វើ​ឱ្យ​វិនិយោគិន​មួយចំនួន​ដែល​មិនអាច​រង់ចាំ​បាន លក់​ភាគហ៊ុន​ចេញ​ដើម្បី​ទៅរក​ភាគហ៊ុន​ផ្សេង​ដែល​ផ្តល់​ភាគលាភ​ជា​ប្រចាំ​ដល់​ពួកគេ នោះ​ថ្លៃ​ភាគហ៊ុន​អាច​នឹង​ធ្លាក់ចុះ​។

ព័ត៌មាន​នានា​អំពី​ក្រុមហ៊ុន
ថ្លៃ​ភាគហ៊ុន​អាច​ឡើង​ ឬ​ចុះ ក៏​អាស្រ័យ​លើ​បម្រែបម្រួល​នៅក្នុង​ក្រុមហ៊ុន​ដែល​អាច​ជះឥទ្ធិពល​ដល់​ការព្យាករ​នៃ​លទ្ធផល​អាជីវកម្ម​ដូចជា ការរកឃើញ​បច្ចេកវិទ្យា ឬ​ផលិតផល​ថ្មី​ដែល​អាច​វាយលុក​ទីផ្សារ និង​យកប្រៀប​លើ​គូប្រកួត​ប្រជែង ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ឬ​បុគ្គល​គន្លឹះ​ក្នុង​ក្រុមហ៊ុន ការដេញថ្លៃ​បាន​ ឬ​បាត់បង់​គម្រោង​ធំៗ​ដែល​ទ្រទ្រង់​ចំណូល ការរង​បណ្តឹង​ធំៗ ។​ល​។ ឧទាហរណ៍​ជាក់ស្តែង​មួយ​គឺ​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់ បន្ទាប់ពី​មាន​ការចេញផ្សាយ​នូវ​ព័ត៌មាន ដែល​ថា​ក្រុមហ៊ុន​នេះ​មាន​បំណង​នឹង​បង្កើត​រថយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ​ ២០២៤ ​ខាងមុខ​។

ជា​លក្ខខណ្ឌ​នៃ​បទប្បញ្ញត្តិ របាយការណ៍​ហិរញ្ញវត្ថុ និង​ព័ត៌មាន​សំខាន់ៗ​ខាងលើ​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​ភាគហ៊ុន​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​ប្រព័ន្ធ​របស់​ផ្សារមូលបត្រ​។ ដូចនេះ​វិនិយោគិន​អាចធ្វើ​ការស្វែងរក​ព័ត៌មាន​ទាំងនេះ​នៅលើ​បណ្តាញ​ចែកចាយ​ព័ត៌មាន​សាជីវកម្ម (Corporate Disclosure) របស់​ផ្សារមូលបត្រ​បាន​។ 

D52588CA-4890-478A-A881-EC43FF410060

កត្តា​ខាងក្រៅ

កត្តាសេដ្ឋកិច្ច និង​នយោបាយ
ភាពមិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច និង​អស្ថិរភាព​នយោបាយ​គឺជា​មូលហេតុ​មួយ​ដែល​បណ្តាល​ឱ្យ​សម្ទុះ​ទីផ្សារ​មូលបត្រ​មាន​ការធ្លាក់ចុះ​ផងដែរ​។ ក្នុងស្ថានភាព​នេះ ភាពមិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​ចាប់ផ្តើម​លេចឡើង ដែល​នាំ​ឱ្យ​ប្រាក់ចំណេញ​មាន​ការធ្លាក់ចុះ និង​ការក្ស័យធន​កើតមាន​ជា​បន្តបន្ទាប់​។ ដោយសារ​ទំនុកចិត្ត​របស់​វិនិយោគិន​ត្រូវបាន​កាត់បន្ថយ ដូច្នេះ​ពួកគេ​នឹង​ចាប់ផ្តើម​លក់​ភាគហ៊ុន​ដែល​ខ្លួន​កាន់កាប់​នៅ​ចំនួន​ធំ​ជាមួយ​ថ្លៃ​ថោក​។ ផ្ទុយទៅវិញ ថ្លៃ​ភាគហ៊ុន​នឹង​មាន​សម្ទុះ​កើនឡើង ប្រសិន​បើ​ប្រទេស​មាន​សន្តិភាព ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច​។

កត្តា​អត្រា​ការប្រាក់
អត្រា​ការប្រាក់ និង​ថ្លៃ​ភាគហ៊ុន​គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ អត្រា​ការប្រាក់​កើន​នាំ​ឱ្យ​ថ្លៃ​ភាគហ៊ុន​ធ្លាក់ចុះ ផ្ទុយ​ទៅវិញ ថ្លៃ​ភាគហ៊ុន​នឹង​កើនឡើង បើ​អត្រា​ការប្រាក់​ធ្លាក់ចុះ​។​ជាធម្មតា អត្រា​ការប្រាក់​កើនឡើង​ខ្ពស់​មានន័យថា ថ្លៃដើម​នៃ​ប្រាក់កម្ចី​ថ្លៃ​ជាង​មុន​ធ្វើឱ្យ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ត្រូវបាន​កាត់បន្ថយ​។

ការណ៍​នេះ​នឹង​ញុំាង​ឱ្យ​ទំនុកចិត្ត​វិនិយោគិន​មកលើ​ការវិនិយោគ​លើ​ភាគហ៊ុន​ធ្លាក់ចុះ ដោយសារ​ពួកគេ​រំពឹងថា​ផលចំណេញ​ត្រឡប់មកវិញ​មាន​អត្រា​ទាប​ជា​ហេតុ​បណ្តាល​ឱ្យ​ការលក់​ភាគហ៊ុន​ចំនួន​ធំ​នៅ​ថ្លៃ​ថោក​មាន​ការកើនឡើង​។

កត្តា​គោលនយោបាយ​ពន្ធ
រាល់​ការកែប្រែ​នូវ​គោលនយោបាយ​ពន្ធ​នានា ដូចជា ពន្ធដារ ពន្ធគយ ការលើកទឹកចិត្ត​ពន្ធ ។​ល​។ សុទ្ធតែ​ប៉ះពាល់​ដល់​ថ្លៃដើម​របស់​ផលិតផល និង​សេវាកម្ម ជាហេតុ​ធ្វើឱ្យ​ប្រាក់​ចំណេញ និង​ចំណូល​របស់​ក្រុមហ៊ុន​មាន​ការធ្លាក់ចុះ​ដែល​បណ្តាលឱ្យ​បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន​កើតមានឡើង​ទៅតាម​ការយល់ឃើញ និង​រំពឹងទុក​របស់​វិនិយោគិន​។

កត្តា​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ចៃដន្យ
ជាទូទៅ ក្រុមហ៊ុន អាច​ប្រឈម​នឹង​បញ្ហា​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ផ្សេងៗ ដូចជា​ជំងឺ​រាតត្បាត​ជា​សកល ទឹកជំនន់ រញ្ជួយ​ដី កុបកម្ម ដែល​អាច​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំងមូល និង​ធ្វើឱ្យ​មាន​ការខាតបង់​ជា​សាច់ប្រាក់ ឬ​ទ្រព្យសកម្ម​ផ្សេងៗ​។

ហើយ​កត្តា​នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ជួប​នឹង​អស្ថិរភាព ជា​ហេតុ​បណ្តាល​ឱ្យ​វិនិយោគិន​បាត់បង់​ទំនុក​ចិត្ត និង​នាំគ្នា​លក់​ចេញ​នូវ​ភាគហ៊ុន​ដែល​ពួក​គេ​កាន់​កាប់​ទាំង​អស់​របស់​ក្រុមហ៊ុន​នោះ នោះ​ថ្លៃ​ភាគហ៊ុន​នឹង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គម្ហុក​។ យ៉ាង​ណាមិញ មិនមែន​គ្រប់​ប្រភេទ​ក្រុមហ៊ុន​សុទ្ធ​តែ​ជួប​ប្រទះ​នឹង​ការ​លំបាក​នោះ​ទេ​​។

ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ យើង​សង្កេត​ឃើញ​ថា ស្ថានភាព​ក្រុមហ៊ុន​បណ្តាញ​សង្គម​ខ្លះ​មិន​មាន​ការ​ធ្លាក់​ចុះ​ដុនដាប​ដូច​ក្រុមហ៊ុន​ដទៃ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​មាន​ភាព​ប្រសើរ​ឡើង​ទៅ​វិញ ដោយសារ​អត្រា​អ្នក​ប្រើប្រាស់​មាន​ការ​កើន​ឡើង ដែល​ធ្វើ​ឱ្យ​អត្រា​ចំណេញ​របស់​ក្រុមហ៊ុន​កើន​ឡើង ជាហេតុ​បណ្តាល​ឱ្យ​ថ្លៃ​ភាគហ៊ុន​របស់​ពួក​គេ​នៅ​លើ​ទីផ្សារ​ក៏​កើន​ឡើង​ទៅ​តាម​នឹង​ដែរ​។

កត្តា​ផលិតផល​ជំនួស
កត្តា​ផលិតផល​ជំនួស​នេះ សម្តៅ​ដល់​ការ​លក់​ចេញ​ភាគហ៊ុន​ដែល​ពុំ​សូវ​មាន​សន្ទនីយភាព ឬ​កំណើន ហើយ​ប្តូរ​មក​ទិញ​ភាគហ៊ុន​ផ្សេង​ឬ​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដូចជា​បរធន​វិនិយោគ​អចលនវត្ថុ (REITs)​។ ខណៈ​ដែល​ជម្រើស​ភាគហ៊ុន ​និង​ផលិតផល​ហិរញ្ញវត្ថុ​កាន់​តែ​សម្បូរបែប​វិនិយោគិន​ក៏​មាន​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រៀបចំ​រើរុះ​ផលបត្រ​វិនិយោគ​របស់ខ្លួន​ដោយ​បត់បែន​ទៅ​តាម​ស្ថានភាព ដើម្បី​សម្រេច​​គោលដៅ​វិនិយោគ​របស់​ខ្លួន​។ ដូច្នេះ ការ​ផ្លាស់ប្តូរ​គោលដៅ​វិនិយោគ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ទិញ​-​លក់​ភាគហ៊ុន​នានា ដែល​បណ្តាល​ឱ្យ​ថ្លៃ​ប្រែប្រួល​ជា​លំដាប់​។

ប្រតិបត្តិការ​ជួញដូរ​ដោយ​ចៃដន្យ (Incidental Transaction)

ប្រតិបត្តិ​ការ​ជួញដូរ​ដោយ​ចៃដន្យ (Incidental Transaction) គឺ​ជា​ការ​ជួញដូរ​មួយ​ប្រភេទ ដែល​ភាគហ៊ុន​ត្រូវ​បាន​ជួញដូរ​នៅ​ថ្លៃ​មួយ​អាស្រ័យ​តាម​ការសន្និដ្ឋាន​ផ្សេងៗ ជាជាង​ថ្លៃ​ពិត​ប្រាក​របស់​ភាគហ៊ុន​នោះ​។ ការ​សនិ្នដ្ឋាន​នោះ​អាច​ជា​ការ​លេច​ផ្សាយ​នូវ​ព័ត៌មាន​ដែល​មិន​ល្អ និង​ព័ត៌មាន​សម្ងាត់​ក្នុង​ក្រុមហ៊ុន​ដែល​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ហើយ​កត្តា​ទាំង​អស់នេះ​នឹង​ជំរុញ​ឱ្យ​មាន​ការ​ដាក់​លក់ និង​ទិញ​ភាគហ៊ុន​ក្នុង​ចំនួន​ច្រើន​នៅ​ថ្លៃ​មួយ​មិន​ប្រក្រតី និង​មាន​និន្នាការ​ឡើង​ចុះ​ឥត​ឈប់​ឈរ​។

កត្តា​ទំនោរ​ទីផ្សារ
ទំនោរ​ទីផ្សារ ឬ ហៅ​ម្យ៉ាង​ទៀត​ថា ​កត្តា​ចិត្តសាស្ត្រ​របស់​វិនិយោគិន គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​អារម្មណ៍​របស់​វិនិយោគិន​មក​លើ​ទីផ្សារ ដោយ​វិនិយោគិន​ធ្វើ​ការ​សម្រេច​ចិត្ត​វិនិយោគ​ផ្អែក​លើ​អារម្មណ៍​របស់​ខ្លួន ឬ​តាម​គេ​តាម​ឯង ជាជាង​ការ​ត្រិះរិះ​ពិចារណា​លើ​កត្តា​មូលដ្ឋាន និង​បច្ចេកទេស ដែល​ជា​ទូទៅ​ច្រើន​ចំណាយ​ពេល​យូរ​ក្នុង​ការ​ស្វែង​យល់​។ ឧទាហរណ៍​នៅ​ពេល​ដែល​ថ្លៃ​ភាគហ៊ុន​មួយ​កំពុង​ស្ទុះ​ឡើង​ខ្លាំង​ម្នាក់ៗ​សម្រុក​ទិញ​តាម​គ្នា​ដោយ​មិន​បាន​គិត​ថា ​តើ​ថ្លៃ​ភាគហ៊ុន​នោះ​បាន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត ​ឬ​នៅ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថ្លៃ​ទីផ្សារ​ភាគហ៊ុន​នោះ​អាច​ឡើង​ខ្ពស់​ជាង​តម្លៃ​ពិត​ប្រាកដ​របស់​ខ្លួន​។

ឧទាហរណ៍​ផ្សេង​ទៀត​ដូចជា នៅ​ពេល​ដែល​មាន​ភាគហ៊ុន​ថ្មី​ទើប​នឹង​ចុះ​បញ្ជី វិនិយោគិន​មួយ​ចំនួន​បាន​លក់​ភាគហ៊ុន​ក្នុង​ដៃ​ដើម្បី​យក​ទៅ​ទិញ​ភាគហ៊ុន​ថ្មី​តាម​គ្នា ដូចនេះ​ចង់​ឬ​មិន​ចង់​ភាគហ៊ុន​ថ្មី​នោះ​នឹង​កើន​ថ្លៃ​ដោយសារ​មនុស្សម្នា​ចង់​ទិញ​ច្រើន ឯ​ភាគហ៊ុន​ដែល​ត្រូវបាន​គេ​លក់​ចេញ​ច្រើន​នឹង​ធ្លាក់​ថ្លៃ​បើទោះ​ជា​ពេល​ខ្លះ​លទ្ធផល​អាជីវកម្ម​ភាគហ៊ុន​ដែល​ត្រូវ​បាន​គេ​លក់​ចេញ​នោះ​នៅ​បន្ត​រឹងមាំ​ក៏​ដោយ​។ កត្តា​ទំនោរ​ទីផ្សារ​នេះ​ពិបាក​គ្រប់គ្រង និង​វាយ​តម្លៃ​ជាង​គេ ដោយសារ​ថា​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​វិភាគ ប៉ុន្តែ​វា​ពិត​ជាមាន​ឥទ្ធិពល​គួរ​ឱ្យ​កត់​សម្គាល់​មក​លើ​បម្រែបម្រួល​ថ្លៃ​ភាគហ៊ុន​ក្នុង​ទីផ្សារ ដែល​វិនិយោគិន​មិន​គួរ​មើល​រំលង​។​

រៀបរៀង​ដោយ​៖ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​
អ៊ីមែល​៖ market@csx.com.kh
ទូរសព្ទ​៖ 023 95 88 88 / 023 95 88 85