Alynana Media Cambodia
Icon Collap
clinic narit

ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ ដែលបានជំរុញឲ្យប្រទេសកម្ពុជាមានការនាំចេញ ទៅកាន់ប្រទេសចិន

Admin Alynana | Jan 19, 2021
ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ ដែលបានជំរុញឲ្យប្រទេសកម្ពុជាមានការនាំចេញ ទៅកាន់ប្រទេសចិន
Clinic narith

(ភ្នំពេញ)៖ កម្ពុជាបានកំណត់ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ សម្រាប់ជំរុញការនាំចេញ ទៅកាន់ប្រទេសចិន ក្នុងពេលដែលកិច្ចព្រមពៀងពាណិជ្ជកម្ម សេរី (FTA) ចូលជាធរមាន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «មុខទំនិញសក្ដានុពល របស់កម្ពុជាប្រមាណ៥០-៦៥មុខ ត្រូវបានសិក្សារួចរាល់លើ របាំងបច្ចេកទេស, របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា»។

លោកបានបន្ថែមថា ការសិក្សាលើទំនិញទាំង៦៥មុខនេះ ផ្អែកលើឯកសារគោលដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមូលដ្ឋានច្បាស់លាស់ និងមានមូលដ្ឋានសម្រាប់ធ្វើការនាំចេញ។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ អ្នកនាំពាក្យរូបនេះ បានពន្យល់យ៉ាងលម្អិតថា កម្ពុជាបានធ្វើកិច្ចសហការ ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងប្រទេសដៃគូជាហូរហែ និងបានចុះហត្ថលេខា ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន រួចរាល់ផងដែរ។ ដូច្នេះកម្ពុជាបាន និងកំពុងគិតថា តើកម្ពុជាត្រូវមានទំនិញអ្វីទៀត ក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីកម្ពុជាបានចរចារ និងទទួលបានទីផ្សារបន្ថែម។ ហេតុនេះហើយក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំកិច្ចប្រជុំ «ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)» ដើម្បីឲ្យក្រុមការងារសិក្សាបន្ថែមថា កម្ពុជាមានអ្វីបន្ថែមទៀតក្នុងការនាំចេញ? បន្ទាប់ពីទទួលបានថា ទំនិញអ្វីដែលត្រូវនាំចេញហើយនោះ ខាងក្រសួងនឹងចុះផ្សព្វផ្សាយ ដល់ប្រជាកសិករឲ្យផលិតផលិតផលទាំងនោះ ដើម្បីធ្វើការនាំចេញ។

លោកបញ្ជាក់ថា ទំនិញដែលកម្ពុជាមានសិទ្ធិនាំចូល ទៅកាន់ទីផ្សារប្រទេសចិន មានរាប់ពាន់មុខ ប៉ុន្ដែមិនមានន័យថា យើងត្រូវនាំចូលគ្រប់ផលិតផលនោះទេ ត្រូវមើលទៅលើទំនិញណា ដែលមានសក្ដានុពលទើបធ្វើការនាំចេញ ហើយប្រសិនបើទំនិញមានសក្ដានុពលនេះ មានការលំបាកក្នុងការនាំចេញ ខាងក្រសួងពាណិជ្ជកម្ម និងដោះស្រាយ។

លោក ស៊ាង ថៃ បញ្ជាក់ថា «ទំនិញ៥០-៦៥មុខនេះ ជាទំនិញដែលកម្ពុជា បានកំណត់គោដៅទុក ហើយប្រសិនបើរកទំនិញបានគ្រប់ចំនួនក្នុងការនាំចេញ ជារឿងមួយល្អបំផុតក្នុងជំហានដំបូង ដែលកម្ពុជាធ្វើការនាំចេញ»។

លោកឲ្យដឹងថា បច្ចុប្បន្ននេះក្រុមការងារកំពុងសិក្សាមើលថា តើគួរនាំចេញទំនិញអ្វីខ្លះ? ចំណែកទំនិញដែលនឹងគ្រោងនាំចេញបាន ក្រុមការងារនឹងចុះផ្សព្វផ្សាយដល់ប្រជាកសិករ ឲ្យផលិតនូវផលិតផលទាំងនោះ។

សូមបញ្ជាក់ថា ឯកសារយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញការនាំចេញទៅប្រទេសចិន ឱ្យបានជាអតិបរមា គឺជាឯកសាររស់ ដែលនឹងត្រូវធ្វើការសិក្សាស្រាវជ្រាវលើមុខទំនិញសក្តានុពល ជាបន្តបន្ទាប់ទៀត និងត្រូវពង្រីកការសិក្សាស្រាវជ្រាវជាមួយបណ្តាប្រទេសដែលកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជំរុញការនាំចេញឱ្យបានជាអតិបរមា ទៅតាមបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនីមួយៗ៕