Alynana Media Cambodia
Icon Collap
clinic narit

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

Admin Alynana | Jan 20, 2021
ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា
Clinic narith

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ 

ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖ ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។ 

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើននិងជោគជ័យក្នុងការជួសជុលលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរានិងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់បានចូលរួមឱ្យពរជ័យ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ