Alynana Media Cambodia
Icon Collap
clinic narit

លោក វេង សាខុន៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម

Admin Alynana | Jan 20, 2021
លោក វេង សាខុន៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម
Clinic narith

ភ្នំពេញ៖ ដើមទុនផលិត និងទីផ្សារកសិផលនៅតែជាបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិកម្ម។ ទុនជាធាតុសំខាន់ ដើម្បីពង្រីកផលិតកម្មដំណាំ សត្វ ត្រី និងសិប្បកម្មកែច្នៃកសិផល ធានាបានទាំងគុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយ:ការប្រើបច្ចេកវិទ្យាដាំដុះ ចិញ្ចឹម ប្រមូលផល កែច្នៃ វេចខ្ចប់ និងថែរក្សា និងការប្រើធាតុចូលកសិកម្មសំខាន់ៗ មួយចំនួនទៀតឲ្យមានប្រសិទ្ធភាព។ នេះជាសំណេររបស់លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានសរសេរលើគណនីហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។

លោក វេង សាខុន បន្តថា ឆ្លើយតបបាននូវលក្ខខណ្ឌផលិត កសិករ និងសហគមន៍កសិកម្ម ក៏ត្រូវចងក្រងបណ្តុំផលិត ឬអាជីវកម្ម ដើម្បីសម្រួលដល់ការធ្វើទីផ្សារ ទទួលបានការបញ្ជាទិញតាមរយ:ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ស្ថិរភាពបរិមាណផ្គត់ផ្គង់ និងតម្លៃ។ រដ្ឋមន្រ្តីកសិកម្ម បន្ថែមថា ក្រសួងកសិកម្ម នឹងផ្ដល់ការបណ្តុះបណ្តាលបច្ចេកទេស និងការផ្សព្វផ្សាយសំខាន់ៗមួយចំនួន ដល់កសិករសមាជិកបណ្តុំកសិករ។



ដើម្បីដោះស្រាយបញ្ហាខាងលើជូនកសិករ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម កំពុងអនុវត្តគម្រោងសាកល្បងថ្មីមួយស្តីអំពី ការបង្កើតសហគមន៍កសិកម្មគំរូដែលតម្រង់ទិសទៅលើការធ្វើជំនួញហៅកាត់ថា« BPAC»។ គម្រោង « BPAC» បានទទួលជំនួយបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន ដែលផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអង្គការ JICA ដោយយកទៅអនុវត្តនៅក្នុងខេត្តគោលដៅចំនួន៤មាន ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និងខេត្តស្វាយរៀង ដែលមានរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៤-២០១៩។ នេះបើតាមលោក វេង សាខុន។ 

ដោយឡែកគម្រោង «BPAC» នេះ បានបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែដោយយល់ឃើញថាគម្រោងនេះមានសារសំខាន់សម្រាប់សហគមន៍កសិកម្ម អង្គការ JICA បានផ្ទេរការងារតាមដាន និងត្រួតពិនិត្យលើការប្រើប្រាស់ និងគ្រប់គ្រងប្រាក់កម្ចីរបស់សហគមន៍កសិកម្មឱ្យទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មជាអ្នកអនុវត្តបន្តរហូតដល់ឆ្នាំ២០២៧។



អត្ថប្រយោជន៍ដែលកសិករក្នុងសមាជិកទទួលបានគឺ ផលិតផលបន្លែរបស់កសិករដែលស្ថិតក្នុងគម្រោងនេះត្រូវបាន យកទៅផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញ។ បន្ថែមលើនោះ គម្រោងក៏បានផ្គត់ផ្គង់ធាតុចូលកសិកម្ម (ជី និងថ្នាំកសិកម្ម) ដល់សមាជិក និងបានផ្តល់សេវាកម្មភ្ជួររាស់ដីជូនសមាជិករបស់ខ្លួនដោយយកតម្លៃសេវាទាបសមរម្យ។

ម្យ៉ាងទៀតសមាជិកបានយល់ដឹងអំពីការប្រើប្រាស់ប្រាក់កម្ចី របៀបសន្សំប្រាក់ ការធ្វើអាជីវកម្មក្នុងរង្វង់សមាជិកសហគមន៍។ ជាមួយគ្នានេះ សមាជិក ក៏បានយល់ពីផលិតផលមានគុណភាព និងតម្រូវការទីផ្សារ ការរៀបចំទុកដាក់ និងថែរក្សាកសិផលឲ្យបានល្អ ការងាររដ្ឋបាល បច្ចេកទេស និងសេដ្ឋកិច្ច។  


សូមបញ្ជាក់ជូនថា សហគមន៍កសិកម្មទាំង៦ ដែលទទួលបានប្រាក់កម្ចីពីគម្រោងនេះរួមមាន សហគមន៍កសិកម្មសំបូរមានជ័យ(ខេត្តកំពង់ចាម),សហគមន៍កសិកម្មទួលព្រះវិហារ(ខេត្តកំពង់ចាម),សហគមន៍កសិកម្មជើងគួនជោគជ័យ(ខេត្តតាកែវ),សហគមន៍កសិកម្មរលួសមាស(ខេត្តតាកែវ),សហគមន៍កសិកម្មស្វាយជ្រុំ(ខេត្តស្វាយរៀង),សហគមន៍កសិកម្មស្ករត្នោតកំពង់ស្ពឺ(ខេត្តកំពង់ស្ពឺ)៕