Alynana Media Cambodia
Icon Collap
clinic narit

សម្ដេច​ ហ៊ុន សែន៖ ពលរដ្ឋខ្មែរ៥០ម៉ឺននាក់ដំបូង នឹងទទួលបានវ៉ាក់សាំងរបស់ចិន មុនចូលឆ្នាំខ្មែរ

Admin Alynana | Jan 22, 2021
សម្ដេច​ ហ៊ុន សែន៖ ពលរដ្ឋខ្មែរ៥០ម៉ឺននាក់ដំបូង នឹងទទួលបានវ៉ាក់សាំងរបស់ចិន មុនចូលឆ្នាំខ្មែរ
Clinic narith

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​ទី​២២​មករា​នេះ​ អះអាង​ថា​ ​លោក​នឹង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​ ដោយ​ផ្តើម​ចេញ​ពី​ជំនួយ​វ៉ាក់សាំង​របស់​ប្រទេស​ចិន។ ក្រៅ​តែ​ពី​ជំនួយ​វ៉ាក់សាំង​ផ្តល់​ដោយ​ប្រទេសចិន​នេះ​ រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ជំនួយ​បន្ថែម​ពី​កូរ៉េខាងត្បូងនិង​ឥណ្ឌា​បន្ថែម​ផង​ដែរ​។ 

នៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងដឹកជញ្ជូន នាព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាសថា ​ប្រជាជន​ខ្មែរ​ប្រមាណ ​៥០ម៉ឺន​នាក់​ នឹង​ទទួល​ចាក់វ៉ាក់សាំ​ង​របស់ចិន មានឈ្មោះថា​ «Sinopharm» ដែល​​ត្រូវបានចិន​អះអាង​​ថា មានប្រសិទ្ធភាព​​ ៧៨%​។

លោក ហ៊ុន សែន លើកឡើងថា​ បើទោះបីជាវ៉ាក់សាំ​ង​ចិននេះ​នៅ​មិនទាន់អនុញ្ញាត្ត​ឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកក៏ពិតមែន ក៏ប៉ុន្តែកាលទេសនេះ កម្ពុជានឹងមិនបន្តរងចាំទៀតនោះទេ​ ដោយសារបណ្តាប្រទេសមួយចំនួនបានចាក់ជូនប្រជាពលរដ្ឋ​គេ​រួច​​ទៅហើយ។ លោក​បន្ថែមថា យន្តការនេះ ​​គឺជាផ្នែកមួយ​នៃការទាក់ទាញ​អ្នកវិនិយោគ​​មកកាន់កម្ពុជា​បន្ថែមទៀត ដោយគេមិន​ចាត់ទុក​ថាកម្ពុជា​ជាតំបន់​មានហានិភ័យខ្ពស់។ ​

ឆ្លើយតបទៅនឹងការប្រតិកម្មនិងការធ្វើបុរេវិនិច្ឆ័យទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំ​ង​​ចិននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ខ្លួននឹងជាបុគ្គលដំបូងគេបង្អស់ដែលនឹងចាក់វ៉ាក់សាំ​ង​របស់ចិន និងមានការចូលរួម​ដោយមន្ត្រីឥស្សិរជនជាន់​ខ្ពស់នៅក្នុងរដ្ឋាភិបាលផង​ដែរ។ ការចាក់វ៉ាក់សាំ​ង​នេះនឹងធ្វើឡើង មុនពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត​ពីពលរដ្ឋ​។

ក្រៅពីនេះ​ តាមរយៈយន្តការCOVAC វ៉ាក់សាំ​ង​​កូវីដ​១៩ ​ចំនួន ​​៣លាន២សែនដូស​ នឹងត្រូវផ្តល់ជូន​ កម្ពុជា​​ ​២០%នៃប្រជាជនសរុប ក្នុងអំឡុងខែកុម្ភៈនេះ។ ​យុទ្ធនាការចាក់វ៉ាក់សាំ​ង​នេះ នឹងធ្វើឡើងជាជំហ៊ានៗ ដោយជំហ៊ានទី​១ គឺ​ធ្វើឡើង​​ត្រឹម ​៣%នៃ​ប្រជាពលរដ្ឋកម្ពុជា​​សរុប​។ យ៉ាងណាមិញ​ គេនៅមិនទាន់កំណត់បានទេថា តើវ៉ាក់សាំ​ង​​ប្រទេសណាដែលនឹងត្រូវប្រើប្រាស់​នៅក្នុង​យន្តការនេះ។ តាមរយៈយន្តការនេះដែរ កម្ពុជាគ្រោង​​បញ្ជាទិញវ៉ាក់ស៊ាំង​​ចំនួន ១លានដូសបន្ថែម​ទៀត ដែល​ជាវ៉ាក់សាំ​ង​ចម្រុះពីអាមេរិក អង់គ្លេស ចិន ឥណ្ឌា និងរ៉ុស្ស៊ី។

ជុំវិញសំណុំរឿងវ៉ាក់សាំ​ង​កូវីដ១៩នេះ លោក ហ៊ុន សែន បានបន្ថែមថា រដ្ឋាភិបាលកំពុងស្ទាបស្ទង់​​ និងសិក្សា អំពីលទ្ធភាពបញ្ជាទិញវ៉ាក់សាំ​ង​កូវីដពីអង់គ្លេស ក្នុងទំហំទឹកប្រាក់ ៩៥លានដុល្លារ ដែលជាកញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ីផងដែរ។

ទន្ទឹមនឹងគ្នានេះ កម្ពុជាកំពុងរិះរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំ​ង​ពីចិនបន្ថែម​​ទៀត​ តាមរយៈ​ការផ្តល់ជំនួយឥតសំណងបន្ថែម ឬការប្រើប្រាស់លុយជាជំនួយរបស់ចិនមកកម្ពុជា​ យកទៅទិញវ៉ាក់សាំ​ង​សម្រាប់ប្រជាជន។ ប្រាក់កម្ចីនេះអាចនឹងប្រើប្រាស់​សម្រាប់​បញ្ជាទិញវ៉ាក់សាំ​ង​របស់ចិន ដែលមានឈ្មោះថា «Sinopharm» និង«Sinovac»។

សូមជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី​១៥មករា​ បាន​ប្រកាសបញ្ឈប់ការទទួល​ថវិកា​របស់​សប្បុរស​ជន ក្នុង​ការ​ទិញវ៉ាក់សាំ​ង​​ប្រឆាំងជំងឺកូវីដ​១៩​ ដោយមាន​​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ​៥៧​លានដុល្លារ។ យ៉ាងណាមិញ កម្ពុជានៅមិនទាន់សម្រេចចិត្តថានឹងត្រូវបញ្ជាទិញវ៉ាក់សាំ​ង​ពីប្រទេសណានៅឡើយនោះទេ ខណៈ​បច្ចុប្បន្ននេះ​ គណៈកម្មការអន្តរក្រសួងដឹកនាំដោយក្រសួងហិរញ្ញវត្ថុ កំពុងបន្ត​បើកការពិគ្រោះគ្នានៅឡើយ៕