ក្រសួងទេសចរណ៍នឹងរៀបចំការប្រលងប្រណាំងខេត្តមួយវិថីអាហារមួយ នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមទីក្រុង។
នេះបើតាម ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ វិថីម្ហូបអាហារនៅពេលបច្ចុប្បន្ននេះ ពិតជាមានសារសំខាន់ណាស់ ព្រោះភ្ញៀវទេសចរនៅពេលទៅកាន់គោលដៅទេសចរណ៍ គឺត្រូវការស្វែងយល់ពីអ្វីដែលជាម្ហូបអាហារនៅក្នុងតំបន់នោះ ហើយម្ហូបអាហារនៅតាមដងផ្លូវនេះគឺជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមួយផងដែរ។
ឯកឧត្តម បានបន្តថា៖ ដើម្បីលើកកម្ពស់វិថីម្ហូបអាហារនេះ នៅពេលខាងមុខក្រសួងនឹងរៀបចំការប្រឡងប្រណាំង “ខេត្តមួយវិថីម្ហូបអាហារមួយ” ដើម្បីធ្វើយ៉ាងណាបំផុសឱ្យទៅជាផលិតផលទេសចរណ៍មួយ សម្រាប់ទាំងទេសចរជាតិ និងអន្តរជាតិ ហើយដើម្បីឱ្យវិថីម្ហូបអាហារនេះអាចទាក់ទាញទេសចរណ៍ បានវាគឺត្រូវទាមទារឱ្យ មានការអនាម័យស្អាត នឹងមានស្ទង់ដារមួយត្រឹមត្រូវផងដែរ។
ការឱ្យដឹងបែបនេះ ធ្វើឡើងនៅក្នុងពិធីចុះអនុស្សារណៈ ស្តីពី “ភាពជាដៃគូលើការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors)” ដោយបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក DAVID WIGGLESWORTH នាយកក្រុមហ៊ុន កូកា-កូឡា, លោក គី សុខលីម ស្ថានិកសារព័ត៌មានថ្មីៗ រួមទាំងនាក់ពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ផងដែរ។