ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន៣២០នាក់ នៅក្នុងសាលប្រជុំធំ និងចូលរួមតាម ប្រព័ន្ធវីដេអូពីចម្ងាយចំនួន៥០០នាក់ ក្នុងនោះចំនួន២៣៥នាក់នៅក្នុងសាលប្រជុំនានានៅទីស្តីការក្រសួង និង២៦៥នាក់ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ចំនួន៨២០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គសន្និបាតផងដែរថា៖ ក្រសួងនឹងប្រឡងជ្រើសរើសនិស្សិតចំនួន ២០០នាក់ឱ្យសិក្សាជំនាញឯកទេសនៅវិទ្យាស្ថានតេជោសែន សាធារណការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងតម្លៃសិក្សាចំនួន៦០០ដុល្លារក្នុងឆ្នាំ និងផ្តល់ឱកាសអាហារូបករណ៍១០០% សម្រាប់ និស្សិតឆ្នើមចំនួន៥០នាក់ និងអាហារូបករណ៍៥០%សម្រាប់និស្សិតឆ្នើមចំនួន៥០នាក់ សិក្សារយៈពេល ៤ឆ្នាំ ប៉ុន្តែត្រូវស្ថិតក្រោមការវាយតម្លៃលទ្ធផលសិក្សាប្រចាំឆ្នាំនីមួយៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា តំណាងមកពីអគ្គ នាយកដ្ឋាន នាយកដ្ឋាននិងអង្គភាពជំនាញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត យកចិត្ដ ទុកដាក់រួមគ្នាពិនិត្យពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សាយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ នៅក្នុងបទអន្តរាគមន៍ដែលធ្វើឡើងដោយតំណាងអគ្គនាយកដ្ឋានជំនាញ និងតំណាងអន្តរក្រសួងផងដែរ ដើម្បីជាមូលដ្ឋានក្នុងការបូកសរុបវាយតម្លៃ និងការពិភាក្សាសម្រាប់សន្និបាតឱ្យស្របតាមប្រធានបទ ដែលបានលើកឡើងនៅឆ្នាំនេះ។
សូមជម្រាបជូនផងដែរថា៖ ក្រសួងក៏បានដាក់ចេញផែនការប្រចាំឆ្នាំ តាមដាន និងវាយតម្លៃជាប្រចាំ ជាមូលដ្ឋានវាស់វែង ក្នុងការអនុវត្តផែនកាសកម្មភាពទាំងឡាយរបស់ខ្លួន ដើម្បីជំរុញប្រសិទ្ធភាពការងារ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាន សមិទ្ធផលជាទីមោទនៈ និងលើកទឹកចិត្តឱ្យមន្ត្រីមានការសាមគ្គី សហការគ្នា និងបន្តខិតខំប្រឹងប្រែងធ្វើ ការងារបន្ថែមទៀត ក្រោមដំបូលនៃមហាគ្រួសារសាធារណការ និងដឹកជញ្ជូនតែមួយ៕