សាច់រឿង៖ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៧នាក់បានស្លាប់បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងរបស់នីហ្សេរីយ៉ាបានធ្លាក់នៅក្បែររដ្ឋធានីអាប៊ូហ្សា (Abuja) កាលពីថ្ងៃអាទិត្យ។
យោងតាមមន្ត្រីនាំពាក្យរបស់យោធា យន្ដហោះរបស់កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ាដែលបានធ្លាក់នោះបានជួបប្រទះបញ្ហាម៉ាស៊ីន។
យន្ដហោះដែលធ្លាក់នេះកំពុងធ្វើដំណើរទៅទីក្រុងមីនណា (Minna) ស្ថិតនៅក្នុងរដ្ឋនីហ្សេ (Niger) ភាគខាងជើងប្រទេសនីហ្សេរីយ៉ាដើម្បីព្យាយាមជួយសង្គ្រោះមនុស្ស ៤២នាក់ដែលត្រូវបានគេចាប់ពង្រត់។
ប្រមុខគ្រប់គ្រងផ្នែកអាកាសចរណ៍បានបញ្ជាឱ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅក្នុងករណីនេះ។
មន្ត្រីនាំពាក្យរបស់កងកម្លាំងទ័ពអាកាសនីហ្សេរីយ៉ាបាននិយាយថា មនុស្សដែលជិះនៅលើយន្តហោះតូចនោះបានស្លាប់ទាំងអស់។
សាក្សីបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងបន្ទាប់មកយន្តហោះក៏បានផ្ទុះឆេះ៕