រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ករណីអ្នកឆ្លងកូវិដ ១៥ នាក់ ជាជនជាតិចិន ម៉ោង ០៣ ទាបភ្លឺ ទើបក្រសួងទទួលព័ត៌មានពីវិទ្យាស្ថានប៉ាស្ទ័រ ហើយមន្រ្តីកំពុងចាត់ចែងរកអ្នកជំងឺយកមកព្យាបាល។
លោកជំទាវ ករណីជនជាតិចិន នេះក្រសួងទទួលបានព័ត៌មានម៉ោងជាង ០៣ ទាបភ្លឺទៅហើយ។ មន្រ្តីសុខាភិបាលកំពុងស្វែងរកអ្នកជំងឺ យកមកព្យាបាល។ អ្នកជំងឺទាំង ១៥ នាក់ នឹងប្រើប្រាស់មន្ទីរពេទ្យពីរដោយ០៧ នាក់ទៀត ដាក់នៅមជ្ឍមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ និង ០៨ នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។
លោកជំទាវឲ្យដឹងថា នៅពេលទទួលព័ត៌មានពីអ្នកជំងឺទាំង ១៥ ក្រសួងនឹងជូនដំណឹងបន្ថែមទៀត។
របាយការណ៍របស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានអ្នកឆ្លងកូវីដ ៤០ នាក់ទៀត ក្នុងនោះ ៣៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ។អ្នកឆ្លងទាំង ៣៨ នាក់ ភាគច្រើនជាជនជាតិចិន និងមានជនជាតិខ្មែរ ០១ នាក់ និងវៀតណាម ០១ នាក់។ ចំណែកអ្នកឆ្លង ០២ នាក់ទៀត ជាអ្នកដំណើរមកពីក្រៅ។
នៅថ្ងៃនេះដែរ កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទីពីរលើការបង្ការកូវីដ ១៩ ចាប់ពីថ្ងៃទី២៤កុម្ភៈនេះទៅ។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក្នុងសារតេឡេក្រាមថា ការចាក់វ៉ាក់សាំងដូសទីពីរនេះ រៀបចំឡើងនៅទីតាំងដដែល។ លេីកទី១ចាក់នៅកន្លែងណា សូមអញ្ជេីញទៅចាក់លេីកទីពីរនៅកន្លែងដដែលតែកុំឲ្យហួសពី១៤ ទៅ២៨ថ្ងៃ រាប់ពីថ្ងៃចាក់លេីកទី១។
វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន អាចចាក់បានសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។ ក្រសួងសុខាភិបាលបានរៀបចំទីតាំងចំនួន ០៤ សម្រាប់ចាក់ដល់ក្រុមគោលដៅមានដូចតទៅ៖
១.មន្ទីរពេទ្យកាល់ម៉ែត ៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង ៖ ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត
៤.មន្ទីរពេទ្យកុមារជាតិ ៖ អ្នកសារព័ត៌មាន