(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចេក សលលីវែន (Jake Sullivan) បានថ្លែងនៅអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ថា រដ្ឋបាលលោក ចូ បៃដិន កំពុងតែត្រៀមចាត់វិធានការបន្ថែមទៀត ដែលនឹងត្រូវចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីប្រឆាំងចំពោះអ្នកពាក់ព័ន្ធ ការបង្ក្រាបដោយហិង្សាទៅលើ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។
លោក ចេក សលលីវែន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា «យើងនឹងបន្តកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូនានារបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោក ដើម្បីរកមុខអ្នកទទួលខុសត្រូវចំពោះអំពើហិង្សា។ យើងកំពុងរៀបចំចាត់វិធានការបន្ថែម ដើម្បីដាក់បន្ទុកលើអ្នកទាំងឡាយណា ដែលបានបង្កឲ្យមានអំពើហិង្សា និងរដ្ឋប្រហារកាលពីពេលថ្មីៗនេះ។ យើងមានអ្វីត្រូវចែករំលែកបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្ម លើយោធាមីយ៉ាន់ម៉ា មួយកញ្ចប់រួចទៅហើយ គិតចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្ទុះឡើង ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា ប៉ុន្តែយោធាមីយ៉ាន់ផ្ទាល់បានដោះសារថា វាមិនជារដ្ឋប្រហារឡើយ។ ទោះបីជាយោធាមីយ៉ាន់ម៉ា ក្រោយការទម្លាក់រដ្ឋាភិបាលលោកស្រី អោន សាន ស៊ូ ជី បានសន្យាជាច្រើនលើកថា នឹងរៀបចំការបោះឆ្នោតឡើងវិញ ហើយប្រគល់អំណាចទៅដល់ គណបក្សដែលឈ្នះយ៉ាងពិតប្រាកដក្តី ក៏ក្រុមបាតុករនៅតែប្រមូលផ្តុំគ្នា តវ៉ាកាន់តែច្រើនឡើង ជាពិសេសនៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាហេតុនាំឲ្យបានការបង្ក្រាប និងព្រមានប្រើធម៌ក្តៅជាបន្តបន្ទាប់។
ការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) បានអះអាងថា មនុស្សសរុប ១៨នាក់ហើយបានបាត់បង់ជីវិត និងជាង ៣០នាក់ទៀតរងរបួស។ រដ្ឋមន្ត្រីមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) បានចេញមុខថ្កោលទោសការបង្ក្រាបដោយហិង្សា ពីសំណាក់កងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងបានប្រកាសគាំទ្រក្រុមបាតុករ ព្រមទាំងអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ រួមគ្នាជាសំឡេងតែមួយ ដើម្បីគាំទ្រដល់ឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ ជុំវិញការព្រមានខាងលើនេះ រដ្ឋាភិបាលដែលកំពុងដឹកនាំដោយយោធាមីយ៉ាន់ម៉ា មិនទាន់ធ្វើការបកស្រាយអ្វីនៅឡើយទេ៕