ក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍ទី១៥ខែមេសានេះបានប្រកាសពីការត្រៀមបញ្ចេញស្បៀងមួយចំនួនធំទប់ការឡើងថ្លៃទំនិញលើទីផ្សារ។ការត្រៀមនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រជាពលរដ្ឋភាគច្រើនសម្រុកទៅទិញស្បៀងទុកយ៉ាងគំហុកដែលភាពជ្រួលច្របល់នេះនាំឱ្យឈ្មួញភាគច្រើនបានតម្លើងតម្លៃទំនិញតាមតែចិត្តចង់។
ចលនារបស់ប្រជាពលរដ្ឋសម្រុកទៅទិញស្បៀងនៅល្ងាចថ្ងៃទី១៤ខែមេសាបានធ្វើឱ្យតម្លៃមីដែលធ្លាប់តែមានតម្លៃ១កេស២៥០០០រៀលបានហក់ឡើងទៅដល់៤០០០០រៀលត្រីខកំប៉ុង១យួរហក់ឡើងដល់៣០០០០រៀលខណៈថ្លៃដើមលក់ធម្មតា២៥០០០រៀល។នេះគេនៅមិនទាន់រាប់បញ្ចូលការតម្លើងថ្លៃ មុខទំនិញផ្សេងទៀតដូចជាគ្រឿងទេសដែលចន្លោះចាប់ពី១០០០ទៅ២០០០រៀល។
ការតម្លើងថ្លៃទំនិញយ៉ាងដូច្នេះរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបានត្រៀមបញ្ចេញស្បៀងទប់ការឡើងថ្លៃទំនិញលើទីផ្សារដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគ បរិភោគសំខាន់ៗមួយចំនួនទៀត ដែលសុទ្ធសឹងជាស្បៀងមិនអាចខ្វះបាននៅគ្រានេះ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានថ្លែងប្រាប់វិទ្យុបារាំងនៅថ្ងៃទី១៥ ខែមេសានេះថា ក្រុមហ៊ុន Green Trade ដែលជាផ្នែកមួយរបស់ក្រសួងពាណិជ្ជកម្ម គឺជាអ្នកទទួលខុសលើការបញ្ចេញស្បៀងដើម្បីទប់បញ្ហាការតម្លើងថ្លៃយ៉ាងគំហុកនេះ។
បើតាមក្រសួងពាណិជ្ជកម្មធានាថា ស្បៀងដែលបានត្រៀមបញ្ចេញនៅពេលនេះ គឺគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឡើងថ្លៃទំនិញ និងកង្វះខាតស្បៀង ទម្រាំព្រឹត្តិការណ៍ ២០កុម្ភៈត្រូវបានបិទបញ្ចប់។ ចំណែកការផ្គត់ផ្គង់បន្លែវិញ អ្នកនាំពាក្យដដែលបន្តធានាថា មិនខ្វះខាតឡើយ ព្រោះច្រកព្រំដែន ដែលនាំចូលបន្លែពីប្រទេសក្បែរខាងនៅតែបើដំណើរការធម្មតា និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកណ្តាល ការនាំចូលបន្លែពីខេត្តនេះ អាចផ្គត់ផ្គង់រាជធានីភ្នំពេញបានទាំងស្រុង។
សូមជម្រាបជូនថា ការត្រៀមបញ្ចេញស្បៀងបម្រុងសម្រាប់ទប់កុំឱ្យមានការតម្លើងថ្លៃទំនិញនៅលើទីផ្សារនៅគ្រានេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅចំនួន១៤ថ្ងៃចាប់ពីថ្ងៃនេះតទៅ។ ជាការកត់សម្គាល់ការឡើងថ្លៃទំនិញដោយសារតែការសម្រុកទិញរបស់ប្រជាពលរដ្ឋបានផ្ទុះឡើងជាបន្តបន្ទាប់តាំងតែពីមុនរដ្ឋាភិបាលសម្រេចបិទខ្ទប់តាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់អ្នកសេដ្ឋកិច្ចមើលឃើញថាការឡើងថ្លៃទំនិញនៅក្នុងកាលៈទេសៈនេះមិនឆ្លុះបញ្ចាំងពីការឡើងថ្លៃទំនិញជារួមនោះទេ ហើយរូបភាពនៃការឡើងថ្លៃទំនិញកើតមានឡើងដូចរៀងរាល់ឆ្នាំដែរពិសេសក្នុងឱកាសនាពិធីបុណ្យចូលឆ្នាំខ្មែរ៕