ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើតេស្តលើអាជីវករផ្សារនាគមាស ដោយប្រើប្រាស់វិធីសាស្រ្តតេស្តរហ័ស លទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន ៦០នាក់។ ដោយការបន្ថែមគ្រូពេទ្យធ្វើតេស្តសំណាក គិតត្រឹមម៉ោង៧យប់ម្សិលមិញនេះ ក្នុងចំណោមអាជីវករ ៦៨០នាក់ត្រូវបានធ្វើតេស្ត ក្នុងនោះមានអ្នកឆ្លង ៦០ នាក់។
បើតាមការបញ្ជាក់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ការប្រើប្រាស់វិធីសាស្រ្តថ្មីតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយបង្កើនល្បឿនការធ្វើតេស្ត អាចដឹងលទ្ធផលបានឆាប់រហ័ស។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី។
គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ រកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយពេលយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដវិធីសាស្រ្តថ្មីនេះតែម្ដង ដើម្បីបង្កើនល្បឿននិងការកាត់បន្ថយការចម្លងពីម្នាក់ទៅម្នាក់៕