ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមន្ត្រីជាន់ខ្ពស់នៅតាមស្ថាប័ននានានៃរដ្ឋាភិបាលមិនឲ្យជូនដំណើរលោកឡើងយន្តហោះក្នុងដំណើរចេញទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩។
តាមរយៈសារសំឡេងរបស់លោកដែលផ្សព្វផ្សាយថ្ងៃនេះបញ្ជាក់ថា៖ «យើងកំពុងបិទទីក្រុងភ្នំពេញផង ការចេញដំណើរខ្ញុំលើកនេះទៅក្រៅប្រទេស ពុំមានការចាំបាច់នឹងជូនដំណើរពីសម្តេច ឯកឧត្តម លោកជំទាវ ដែលជាឧបនាយករដ្ឋមន្ត្រី ដូចពេលមុននោះទេ។ ខ្ញុំឲ្យពិធីការជូនដំណឹងទៅសម្តេច ឯកឧត្តម លោកជំទាវ ដោយហេតុផលងាយយល់ គឺត្រង់យើងកំពុងបិទទីក្រុង»។
ក្រៅពីមូលហេតុនេះ លោក ហ៊ុន សែន ក៏បានថ្លែងថា ការកែប្រែរបៀបថ្មីនេះ ក៏ដោយសារបញ្ហាកូវីដ១៩ ស្របពេលការធ្វើដំណើររបស់លោកទាំងទៅ និងមក គឺតម្រូវឲ្យធ្វើចត្តាឡីស័ក។ ដូច្នេះនឹងនាំឲ្យមន្ត្រីទាំងអស់ ដែលចូលរួមជូនដំណើរលោក ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា។
លោកបញ្ជាក់ថា៖ «បើធ្វើចត្តាឡីស័កដូចគ្នា ដូច្នេះធ្វើឲ្យកម្លាំងដឹកនាំនៅតាមស្ថាប័នរាជរដ្ឋាភិបាលនឹងជួបការលំបាកកាន់តែខ្លាំង។ អ៊ីចឹងទេ ខ្ញុំទៅពេលព្រឹក ហើយយប់ បើតាមអ្វីដែលបានប្រជុំ អាចយប់បន្តិចក្នុងអំឡុងម៉ោង ៩ យប់ គឺខ្ញុំនឹងត្រឡប់មកប្រទេសវិញ»។
លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសដែរថា បន្ទាប់ពីលោកបញ្ចប់ការចូលរួមប្រជុំនេះ គឺនឹងមិនមានការធ្វើសន្និសីទកាសែតដូចពេលមុនៗនោះទេ ដែលជំនួសដោយការយកសំណាកមន្ត្រី និងរូបលោកផ្ទាល់ ដើម្បីពិនិត្យរកជំងឺកូវីដ១៩៕