(វ៉ាស៉ីនតោន)៖ សមាជិកគ្រួសាររបស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងមីននាផូលីស (Minneapolis) ថា ពួកគេមានអារម្មណ៍ធូរស្បើយក្នុងចិត្តជាខ្លាំង ក្រោយពីគណៈវិនិច្ឆ័យបានប្រកាសសាលក្រម សម្រេចឲ្យអតីតមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ដឺរែក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទធ្វើឃាតលោក George Floyd។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
លោក ហ្វីឡូណាយស៍ ហ្វ្លយដ៍ (Philonise Floyd) ដែលត្រូវជាប្អូនប្រុសលោក George Floyd បានប្រាប់ថា លោកតែងមានការជំនឿចិត្តជានិច្ចថា លោក Chauvin នឹងត្រូវប្រព័ន្ធយុត្តិធម៌សម្រេចឲ្យជាប់ទោស ព្រោះទង្វើរបស់ជននោះ ត្រូវបានពិភពលោកទាំងមូល មើលឃើញយ៉ាងជាក់ស្តែង។ ចំណែក លោក ធើរែនស៍ ហ្វ្លយដ៍ (Terrence Floyd) ដែលត្រូវជាបងប្អូនម្នាក់ទៀតរបស់លោក George Floyd បានលើកឡើងថា លោកពិតជាអរគុណខ្លាំងណាស់ ចំពោះលទ្ធផលជាប្រវត្តិសាស្រ្តនេះ។
នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈវិនិច្ឆយដែលមានសមាជិក ១២នាក់ បានរកឃើញថា លោក Chauvin ពិតជាមានទោសពីបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី ២, បទមនុស្សឃាតកម្រិតទី ៣ និងបទមនុស្សឃាតដោយអចេតនាកម្រិតទី ២។ តែលោក Chauvin នឹង ត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ លោក George Floyd បានថប់ដង្ហើមស្លាប់ កំឡុងសកម្មភាពឃាត់ខ្លួនដ៏ឃោរឃៅរបស់ លោក Chauvin ដែលកាលនោះនៅជាប៉ូលិសនៃទីក្រុង Minneapolis រដ្ឋ Minnesota របស់សហរដ្ឋអាមេរិក។ ខ្សែវីដេអូជាង ៨នាទី នៃការយកជង្គង់សង្កត់ក បុរសស្បែកខ្មៅរូបនេះរហូតដល់ដាច់់ខ្យល់ស្លាប់ បានបង្កឲ្យផ្ទុះអំពើហិង្សាស្ទើរទូទាំងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន ជាពិសេសនៅក្នុងទីក្រុង Minneapolis ផ្ទាល់។ វាបានធ្វើឲ្យ George Floyd ក្លាយជានិមិត្តរូបនៃការទាមទារ ឲ្យបញ្ឈប់ទង្វើរើសអើងពូជសាសន៍ ដែលជាជំងឺដ៏ធ្ងន់ធ្ងររាប់សតវត្សរ៍មកហើយក្នុងសង្គមអាមេរិក៕