Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សត្វផ្សោតមួយក្បាលធំ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម បានស្លាប់ និងអណ្តែតតាមទឹក មកទើក្នុងគម្ពោតព្រៃ

Admin Alynana | Apr 24, 2021
សត្វផ្សោតមួយក្បាលធំ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម បានស្លាប់ និងអណ្តែតតាមទឹក មកទើក្នុងគម្ពោតព្រៃ
Clinic narith

សត្វផ្សោតមួយក្បាលធំ មានទម្ងន់ប្រមាណ ១០០គីឡូក្រាម បានស្លាប់ និងអណ្តែតតាមទឹក មកទើក្នុងគម្ពោតព្រៃ នៃដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង !

  ខេត្តស្ទឹងត្រែង៖ ប្រជានេសាទម្នាក់ បានប្រទះឃើញសត្វផ្សោត ដែលជាប្រភេទសត្វកម្រមួយក្បាលធំ បានស្លាប់អណ្តែត និងទើមកជាប់ក្នុងគម្ពោតព្រៃដើមរៃ កណ្តាលដងទន្លេមេគង្គ រីឯ ការស្លាប់នោះ មន្ត្រីជំនាញមិនទាន់រកឃើញពីមូលហេតុពិតនោះទេ។ ប៉ុន្តែ ត្រូវបានគេដាក់ការសង្ស័យថា អាចមកពីការលបលួចធ្វើការនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់ ពីសំណាក់ជនខិលខូច។

  ការប្រទះឃើញសត្វផ្សោតស្លាប់ នៅក្នុងដងទន្លេមេគង្គនោះ គឺ នៅវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី២២មេសាឆ្នាំ២០២១ នៅក្នុងគុម្ពោតព្រៃដើមរៃ ត្រង់ចំណុចកន្ទុយអន្លង់តាកែ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

  សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីប្រជានេសាទម្នាក់ បានប្រទះឃើញសាកសពសត្វផ្សោតមួយក្បាលធំនោះ អណ្តែតទើមកជាប់ក្នុងគម្ពោតព្រៃដើមរៃកណ្តាលទន្លេនោះមក ក៏បានរាយការណ៍ជូនមន្ត្រីឆ្មាំទន្លេមេគង្គ ដើម្បីនាំយកសត្វផ្សោតដែលបានស្លាប់នោះ ទៅធ្វើសំណាក់រកពីមូលហេតុពិត នៃការស្លាប់ និងការរក្សាទុក ផងនោះដែរ។

  ឆ្មាំទន្លេមេគង្គ ប្រចាំការនៅភូមិអន្លង់ស្វាយ លោក ដន ប៉ាន់ បានសម្តែងការសោកស្តាយ ពីការស្លាប់នៃសត្វផ្សោត ព្រោះត្បិតវាជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើលោកនេះទៅហើយ។ លោកបានចាត់ទុកការស្លាប់ របស់សត្វផ្សោតនៅក្នុងពេលនេះ គឺអាចនឹងធ្វើឲ្យបរិមាណសត្វផ្សោតនៅក្នុងដែនអភិរក្ស មានការថយចុះ និងឈានទៅរកការបាត់បង់អស់ទាំងស្រុង នាថ្ងៃខាងមុខ។

  យោងរបាយការណ៍របស់ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបង្ហាញថា តាមការសន្និដ្ឋាន សត្វផ្សោតដែលបានស្លាប់នៅពេលនេះ គឺបានកើតឡើងតាំងពីថ្ងៃទី១៨មេសាឆ្នាំ២០២១ នោះមក និងរហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ១សប្តាហ៍មកហើយ និងសត្វផ្សោត ១ក្បាលធំនេះ មានទម្ងន់ ១០០គីឡូក្រាម មានប្រវែង ២២៧ សង់ទីម៉ែត្រ និងនៅមិនទាន់ដឹងថា ជាញីឬឈ្មោលនោះទេ ដោយសារមានការដាច់សាច់មួយដុំធំ នៅកន្លែងបន្តពូជ ហើយមូលហេតុដែលបណ្តាលឲ្យស្លាប់ ក៏នៅមិនទាន់បានដឹងច្បាស់នៅឡើយដែរ។

  របាយការណ៍បានបង្ហាញទៀតថា ក្រោយទទួលបានព័ត៌មាននេះ ក្រុមមន្ត្រីជលផលខេត្តស្ទឹងត្រែង និងបុគ្គលិកអង្គការ WWF បានចុះត្រួតពិនិត្យ និងធ្វើសំណាកទៅតាមបច្ចេកទេស និងបាននាំយកសាកសពសត្វផ្សោតនោះ មកកប់ទុកនៅកន្លែងស្នាក់ការឆ្មាំទន្លេ ដើម្បីយកគ្រោងឆ្អឹងមកដាក់តាំង ទុកសម្រាប់បង្ហាញអ្នកទេសចរ ដែលបានចូលមកទស្សនា តំបន់រមណីដ្ឋាននៅទីនេះ។

    ប្រជាសហគមន៍រមណីយដ្ឋានព្រះរំកិល លោក ផយ វណ្ណា និងប្រជាពលរដ្ឋដែលរស់នៅជិតតំបន់អភិរក្សសត្វផ្សោតនោះ បានដាក់ការសង្ស័យថា ការស្លាប់របស់សត្វផ្សោត ១ក្បាលនេះ អាចមកពីរងផលប៉ះពាល់ពីការលួចលាក់ ធ្វើនេសាទពេលយប់ ការប្រើប្រាស់ឧបករណ៍ឆក់ និងគួបផ្សំទៅនឹងស្ថានភាពអាកាសធាតុ ផងដែរ។ ប្រជាសហគមន៍ បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ គួររិះរកយន្តការអភិរក្សសត្វផ្សោត ក្នុងដងទន្លេមេគង្គឲ្យមានប្រសិទ្ធភាព ដើម្បីទប់ទល់នឹងការនេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ពីក្រុមជនខិលខូចមួយក្តាប់តូច។

  គួរបញ្ជាក់ថា ការស្លាប់សត្វផ្សោតខាងលើនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការជាមួយអង្គការ (WWF) បានចុះទៅពិនិត្យ និងយកសាកសពសត្វផ្សោត ទៅកប់នៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ នេះ គឺជាការស្លាប់របស់ត្រីផ្សោតលើកទី២ហើយ នៅក្នុងឆ្នាំ២០២១នេះ ព្រោះត្បិត កាលពីក្នុងអំឡុងខែកុម្ភៈ កន្លងមកនេះ ក៏មានកូនត្រីផ្សោត ១ក្បាល ទម្ងន់ជាង ១០គីឡូក្រាម បានស្លាប់រួចមកហើយដែរ៕ 

54FB7307-2ED5-49EE-914E-8A18876FDBF6

7EC13C31-DFEF-4664-B378-337A323B4097

132E778C-4F36-4844-863E-B31E7FA6D5ACAFFAA4ED-99D7-4F60-90B5-E2CD98755349