Alynana Media Cambodia
Icon Collap
clinic narit

បញ្ហានៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា

Admin Alynana | Apr 24, 2021
បញ្ហានៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា
Clinic narith

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនាទីស្នាក់ការថ្មីនៃលេខាធិការអាស៊ានក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីរសៀលថ្ងៃទី២៤មេសានេះ បណ្តាមេដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាផុសផុលទៅលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម ជាពិសេសការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅចំពោះមុខមេដឹកនាអាស៊ានទាំងអស់ថា កម្ពុជាប្រកាន់ ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនបានសង្កត់ធ្ងន់ថាក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការ ចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ាន ហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន។មេដឹកនាំអាស៊ានបានឈានទៅទៅសម្រេចបាននូវចំណុចរួមគួរឲ្យកត់សំគាល់អំពីជំហានដ៏មានសារៈសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីបង្កើតឡើងនូវកិច្ចសន្ទនាប្រកបដោយស្ថាបនា និងជាបណ្តើរៗឆ្ពោះទៅកាន់ដំណោះស្រាយប្រកបដោយសន្តិភាព និងការរួបរួមជាយូរអង្វែង និងត្រឡប់ទៅរកការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ និងប្រកបដោយសន្តិភាព។

ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់អំពីសារ:សំខាន់នៃតម្រូវការស្តាឡើងវិញឲ្យបានឆាប់នូវបរិយាកាសស្ថេរភាពនៅប្រទេសមីយ៉ាន់ម៉ាដើម្បីសុខុមាលភាពរបស់ ប្រជាជន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងទៅកាន់មេដឹកនាំអាស៊ានថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។ សម្តេចបន្តថាក្នុងនាមជាគ្រួសារអាស៊ា នតែមួយកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ាដែលកាន់តែមានសភាពស្រួចស្រាល និងស្មុគ្រស្មាញគួរឲ្យព្រួយបារម្ភ ។ ជាមួយគ្នានេះកម្ពុជា គាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី១ខែកុម្ភៈ ២០២១ និងក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានថ្ងៃទី២ខែមីនា ២០២១ ដែលអំពាវនាវឲ្យគ្រប់ភាគីរក្សាការអត់ធ្មត់ចៀសវាងអំពើហិង្សា និងធ្វើការចរចារកដំណោះស្រាយដោយសន្តិវិធី។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា«ក្នុងនាមជាសមាជិកនៃគ្រួសារអាស៊ានកម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីជួយមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រីឡើងវិញក្នុងតួនាទី និងតាមទម្រង់ណាមួយដែលអាចធ្វើទៅបានអនុលាមតាមគោលការណ៍អាស៊ានហើយគ្រប់ភាគីទាំងអស់អាចទទួលយកបាន»។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានសម្តេចតេជោ បានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសក្រៅផ្លូវការ ដោយបានធ្វើការគូសបញ្ជាក់ថា ការរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ សម្តេចវាយតម្លៃខ្ពស់ចំពោះដំណើរទៅមុខក្នុងកិច្ចប្រឹងប្រែងរៀបចំផែនទីបង្ហាញផ្លូវអនុវត្តការងារ និងការដាក់ចេញនូវលក្ខខណ្ឌប្រតិបត្តិសម្រាប់ ការចាត់តាំងក្រុមការងារជាន់ខ្ពស់ដើម្បីរៀបចំទស្សនវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ខណ:ដែលយើងបន្តខិតខំអនុវត្តន៍ឲ្យបានពេញលេញនូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ទោះបីមានបញ្ហាកូវីដ-១៩។

លើការរក្សាសន្តិភាពសន្តិសុខ និងវិបុលភាពតំបន់ សម្តេចតេជោ បានថ្លែងថាការរក្សាសាមគ្គីភាពនឹងបន្តពង្រឹងតួនាទីស្នូលរបស់អាស៊ានមានសារ:សំខាន់ស្លាប់រស់ ពុំនោះទេការ កសាងសហគមន៍អាស៊ានមិនអាចបន្តទៅមុខបានឡើយ។ ក្នុងពេលចំពោះមុខនេះដែរអាស៊ាន ត្រូវតែខិតខំជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅដើម្បីអនុវត្តឲ្យបាន ជោគជ័យនូវផែនការសកម្មភាពក្នុងក្របខ័ណ្ឌស្តាឡើងវិញនូវទូលំទូលាយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework)។ លើការលើកកម្ពស់ទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ។ ជាមួយគ្នានេះ សម្តេចតេជោថ្លែងថា អាស៊ានគួរតែលើកកម្ពស់ និងពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅព្រោះវាសំខាន់សម្រាប់ជំរុញដំណើរការអាស៊ាន ទាំងវិស័យនយោបាយ និងសន្តិសុខ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ពិសេសការសិក្សាវាយតម្លៃឲ្យបានល្អិតល្អន់ រាល់សំណើរសុំដំឡើងកម្រិតទំនាក់ទំនង និងបង្កើតទំនាក់ទំនងជាមួយអាស៊ានក្នុងនោះរួមមានពីចិន អាស្រ្តាលីនិងអង់គ្លេស៕