(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសានេះ បានចេញសេចក្តីណែនាំ ស្តីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំ នៅយប់នេះ។
សេចក្តីណែនាំដដែលបានឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងនោះ ជាលទ្ធផលវិធានការនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។
ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ តាមគោលការណ៍ណែនាំដូចខាងក្រោម៖
១៖ គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
២៖ បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលនៃការហាមឃាត់នេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
៣៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមសហការ ឬមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕