ភ្នំពេញៈរាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍វិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្តីបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។
សម្តេចតេជោបានលើកឡើងក្នុងសារនេះថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ“ បានបណ្តាលឱ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩ កើនឡើងយ៉ាងគំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។ រាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង (១)កាត់បន្ថយផលប៉ះពាល់មកលើ ស្ថានភាពសង្គមសេដ្ឋកិច្ចដែលបណ្ដាល មកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ(២)បន្តសុពលភាពនៃវិធានការ ដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ , (៣) បន្តដាក់ចេញ និងអនុវត្តនូវវិធានការទ្រទ្រង់ និងស្តាអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង(៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន៖
១-វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ៈ
បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកតាមលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករនិយោជិត ១នាក់ (ជាសរុបកម្មករនិយោជិត ១នាក់ទទួលបាន៧០ដុល្លារអាមេរិកក្នុងមួយខែ)។
បន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែ ជូនកម្មករនិយោជិត១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដែលមានដូចជា សណ្ឋាគារ, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមពីលើប្រាក់ឧបត្ថម្ភដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន។
បានចាប់ផ្តើមអនុវត្តឡើងវិញនូវការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយបានកំណត់កាលបរិច្ឆេទនៃការទូទាត់ជាដំណាក់កាល ដើម្បីផ្ដល់ អត្ថប្រយោជន៍បន្ថែមសម្រួលដល់ជីវភាពបង ប្អូនកម្មករនិយោជិតក៏ដូចជាជួយ សម្រាលបន្ទុកនិយោជកក្នុងការទូទាត់ប្រាក់បំណាច់អតីតភាព ការងារនេះក្នុងគោលបំណងរក្សាបាននូវនិរន្តរភាព ការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ , ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាស ពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរ ឬផ្អាកដំណើរការអាជីវកម្ម។
២-វិធានការបន្តជួយវិស័យអាកាសចរណ៍ៈ
បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។ បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិល សម្រាប់រយៈពេល ៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលនៃការពន្យារនេះ។
៣-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនឹងបន្តណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ និងអំពាវនាវដល់បុគ្គល ឯកជនដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ សហគ្រាស ជួយសម្រួលដល់ភាគីជួល ដោយចៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណេ្តញចេញ តាមរយៈការពន្យារពេលនៃការបង់ថ្លៃឈ្នួល ឬបញ្ចុះថ្លៃឈ្នួល ឬមិនយកថ្លៃឈ្នួលតាមលទ្ធភាពជាក់ស្តែង៕