Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀត​ណាម​ថា​មាន​វីរុស​កូវីដ​បម្លែង​ថ្មីប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា

Admin Alynana | May 01, 2021
វៀត​ណាម​ថា​មាន​វីរុស​កូវីដ​បម្លែង​ថ្មីប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង រក​ឃើញ​ចេញ​ពី​កម្ពុជា
Clinic narith

វៀតណាម៖ អាជ្ញាធរវៀតណាម​បាន​ឱ្យដឹង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា ​ខ្លួន​បាន​រក​ឃើញវីរុស​កូវីដ​បម្លែង​ខ្លួន​ថ្មី​ប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង ដោយ​អះអាង​ថា​ចេញ​មក​ពី​ប្រទេស​កម្ពុជា។

វីរុស​កូវីដ​ប្រភេទ​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង មាន​លេខ​កូដ​វេជ្ជ​សាស្ត្រ​ «B.1.351» ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ខែធ្នូ​ឆ្នាំ​២០២០​ និង​ត្រូវបាន​គេ​ជឿ​ថា​មាន​អត្រា​ចម្លង​ខ្ពស់​ជាង​វីរុស​កូវីដទម្រង់​ដើម​។ នេះ​បើយោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​អាមេរិក​ CDC។

ក្រសួង​សុខាភិ​បាល​វៀតណាម​បាន​ផ្សាយ​លើ​គេ​ហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ចំណោមករណី​កូវីដ១៩​នាំ​ចូល​ថ្មី​ពី​«ប្រទេស​ជិត​ខាង» ​មាន​ជិត​៨៦%​ផ្ទុក​វីរុស​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អង់​គ្លេស​ និង​១៤,៣%មាន​ផ្ទុក​វីរុស​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង។ 

ការ​ផ្សាយ​នេះ​អម​នឹង​ព័ត៌មាន​របស់​ក្រសួង​អំពី​រដ្ឋ​មន្ត្រី​សុខាភិបាល​វៀត​ណាម Nguyen Thanh Long​ ចុះ​ត្រួត​ទីក្រុង​ព្រែក​ឫស្សី ​(Can Tho) ឱ្យ​រៀប​ចំ​មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន​បន្ថែម​ដែល​មាន៨០០​គ្រែ​ ត្រៀម​បម្រុង​ការ​ផ្ទុះ​ឆ្លង​ណា​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀត​ណាម ជាប់​ព្រំ​ដែន​កម្ពុជា។

ប្រភព​លើ​គេហ​ទំព័រ​ក្រសួង​សុខាភិបាល​វៀតណាម​មិន​បាន​បញ្ជាក់​ថា​«ប្រទេស​ជិត​ខាង»​នោះ​ជា​ប្រទេស​ណា​មួយ​នោះទេ។

ផ្ទាំងព័ត៌មានលើគេហទំព័រក្រសួងសុខាភិបាលវៀតណាម ចុះផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ផ្ដោតអំពីបញ្ហាស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាប្រទេសជិតខាង។
ផ្ទាំងព័ត៌មានលើគេហទំព័រក្រសួងសុខាភិបាលវៀតណាម ចុះផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ផ្ដោតអំពីបញ្ហាស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាប្រទេសជិតខាង។

កាសែត​ប្រ​ជាជន (Nhan Dan) ជា​ប្រព័ន្ធ​ឃោស​នា​ផ្លូវការ​របស់​បក្ស​កុម្មុយនិស្ដ​វៀតណាម បាន​ដក​ស្រង់​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​នៃ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​ទីក្រុង​ព្រៃនគរ​ (Ho Chi Minh City) ថា​ ការ​ពិនិត្យ​លើ​សំណាក​នាំ​ចូល​ទាំង​នោះ ជា​បណ្ដា​ករណី​នាំ​ចូល​ពី​ប្រទេស​កម្ពុជា។

កាសែត​ប្រជាជន (Nhan Dan) បាន​ផ្សាយ​បន្ត​ទៀត​ថា៖

«វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ព្រៃនគរ (Ho Chi Minh City Pasteur Institute) បាន​ធ្វើ​វិភាគ​សម្ភារៈ​សេណេទិក​វីរុស លើ​សំណាក​ដែល​បាន​យក​ពី​ករណី​នាំពី​ប្រទេសកម្ពុជា​ចូល​ទៅ​ប្រទេស​វៀត​ណាម​បង្ហាញ​ថា​៨៥,៧%​នៃ​សំណាកយក​ពី​បណ្ដា​ជន​ដែល​បាន​វិលត្រឡប់​ពី​កម្ពុជា​ចូល​ទៅ​វៀត​ណាមវិញ​មាន​ផ្ទុក​វ៉ារ្យ៉ង់ B.1.1.7 (ដែល​រកឃើញ​នៅ​ចក្រភព​អង់គ្លេស) ហើយ​មាន​១៤,៣%​មាន​ផ្ទុក​វ៉ារ្យ៉ង់ B.1.351 ​(ដែល​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង)»។

ប្រភព​ផ្លូវ​ការ​ដដែល​របស់​វៀតណាម​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ឡើយ​អំពី​ទំហំ​សំណាក​ទាំង​នោះនៃ​បណ្ដា​ជន​ចេញ​ពី​កម្ពុជា​ទៅ​ថា​មាន​ចំនួន​ប៉ុន្មាន ហើយ​កាលវេលា​ចេញ​ចូល​ពី​ពេល​ណា​នោះ​ ក៏​មិន​បាន​បញ្ជាក់ដែរ។

វីអូអេ​បាន​ព្យាយាម​ស្នើ​សុំព័ត៌មាន​បន្ថែម​អំពី​លទ្ធផល​នៃ​ការ​វិភាគ​សម្ភារៈ​សេណេទិក​វីរុស​ខាង​លើ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ព្រៃនគរ ដើម្បី​បញ្ជាក់ តែមិន​ទាន់ទទួលបានការឆ្លើយតបអ្វីនៅឡើយ។ 

ក្រសួង​សុខាភិបាល​កម្ពុជា​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​វត្តមានកូវីដ​១៩​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង​នេះ​នៅ​ក្នុង​ប្រទេស​ខ្លួន​នៅ​ឡើយ គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ តែ​បាន​បញ្ជាក់​អំពី​វត្តមាន​វីរុស​បម្លែងថ្មី​វ៉ារ្យ៉ង់​អង់​គ្លេស​តាំង​តែ​ពី​ខែ​កុម្ភៈ​មក។ 

ការចុះផ្សាយរបស់កាសែតប្រជាជន (Nhan Dan) គ្រប់គ្រងដោយគណបក្សកុម្មុយនិស្ដវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ អំពីករណីវ៉ារ្យ៉ង់ថ្មីនៃវីរុសកូវីដ១៩ នាំពីកម្ពុជា ទៅវៀតណាម។ (Web Screenshot)
ការចុះផ្សាយរបស់កាសែតប្រជាជន (Nhan Dan) គ្រប់គ្រងដោយគណបក្សកុម្មុយនិស្ដវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ អំពីករណីវ៉ារ្យ៉ង់ថ្មីនៃវីរុសកូវីដ១៩ នាំពីកម្ពុជា ទៅវៀតណាម។ (Web Screenshot)

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​អះអាង​របស់​វៀត​ណាម​អំពី​វីរុស​កូវីដ​បម្លែងខ្លួន​ថ្មី​ចេញ​ពី​កម្ពុជា​ទៅនោះ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឆ្លើយ​តប​នឹង​វីអូអេ​តាម​សារ​ទូរស័ព្ទ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​៖ «ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន​នេះ​ទេ»។

វេជ្ជបណ្ឌិត Laurence Baril នាយិកា​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ភ្នំពេញ បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​សំណួរ​របស់​វីអូអេ​ទាក់​ទិន​នឹងលទ្ធភាព​នៃ​វត្តមាន​វីរុស​កូវីដ​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អាហ្វ្រិក​ខាង​ត្បូង​នៅ​កម្ពុជា ទី​ដែល​ការផ្ទុះ​ឆ្លងរាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ១៩​កំពុង​មាន​សន្ទុះ។

វេជ្ជបណ្ឌិត Laurence Baril ដែល​ជាប្រធាន​មន្ទីរ​ពិសោធន៍​ធំ​ជាងគេ​នៅ​ភ្នំពេញលើក​ឡើង​ថា​៖

«មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ យើង​ខ្ញុំ​មិន​ទាន់​អាច​បរិយាយ​ឆ្លើយ​អ្វី​លើ​សំណួរ​របស់​លោក​នៅ​ឡើយ»។

ក្រសួង​សុខាភិ​បាល​កម្ពុជានិង​អង្គការ​សុខភាព​ពិភព​លោក​(WHO)​ធ្លាប់​បាន​បញ្ជាក់​អំពី​វត្តមាន​នៃ​វីរុស​កូវីដ​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អង់​គ្លេស តាំង​តែ​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​ថាវីរុស​កូវីដ​បម្លែង​ថ្មី​វ៉ារ្យ៉ង់​អង់គ្លេស​នេះ​ថា​ បាន​នាំ​ឱ្យ​ស្ថានភាព​ឆ្លង​នៅ​កម្ពុជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​។

គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​កំណត់​ត្រា​ករណី​កូវីដ​ឆ្លង​ក្នុង​សហគមន៍ជាង​១​ម៉ឺន​ករណី ដែល​នាំ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញនិង​ផ្នែក​ផ្សេង​ទៀត​របស់ប្រទេស​នៅ​អំឡុង​ខែ​មេសា​នេះ ហើយ​ចំនួន​អ្នក​ស្លាប់​កើន​យ៉ាង​គំហុក​ដល់​៨២នាក់។

ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​និង​ការ​លេច​វត្ត​មាន​នៃ​វីរុស​បម្លែង​ថ្មី កើត​មាន​ចំ​ពេលកម្ពុជា​ចាប់​ផ្ដើម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាជនរបស់​ខ្លួន។

​មក​ដល់​ពេល​នេះ​មនុស្សប្រមាណ​១លាន​៣សែន​នាក់​បាន​ទទួល​វ៉ាក់សាំងមួយ​ក្នុងចំណោម​វ៉ាក់សាំង​ទាំង៣​ប្រភេទ​គឺ​វ៉ាក់សាំង Covishield របស់​ក្រុមហ៊ុន AstraZeneca ផលិត​នៅ​ឥណ្ឌា វ៉ាក់​សាំង BBIBP-CorV ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ចិន​ស៊ីណូហ្វាម(Sinopharm) និង​វ៉ាក់សាំងCoronaVac ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន​ចិន​ស៊ីណូវ៉ាក់​ (Sinovac)។

សារព័ត៌មាន​រដ្ឋចិន Global Times កាលពី​ដំណាច់​ខែ​មីនបាន​ផ្សាយ​ថា ​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ​ខាងលើ មាន​ប្រសិទ្ធភាព​គ្រាន់បើ​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​បម្លែងថ្មី​ទាំង​ពីរ​វ៉ារ្យ៉ង់​ខាង​លើ គឺអង់គ្លេស និងអាហ្រ្វិក​ខាង​ត្បូង។

នៅ​ចំពោះ​មុខករណី​លួច​ឆ្លងដែន​ពី​កម្ពុជា​ទៅ​វៀត​ណាម អំឡុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ ​នេះ ក្រសួង​សុខា​ភិបាល​វៀតណាម​បាន​ផ្សាយ​ថា​ បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​កំពុង​បង្កើន​ការ​ឃ្លាំ​មើល​យាម​កាម ទប់​កុំ​ឱ្យ​មាន​ការផ្ទុះរាល​ដាលឆ្លង​ចូល​វៀត​ណាម។

ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ​កាល​ពី​សប្ដាហ៍​មុន ​ក៏​បាន​ណែនាំ​សហគមន៍​បណ្ដា​ជន​ជាតិវៀតណាម​នៅ​កម្ពុជា ឱ្យ​ផ្អាក​ឬ​ពន្យារ​ការវិលត្រឡប់​ទៅ​វៀត​ណាម​យ៉ាង​តក់​ក្រហល់​ក្នុង​កាលៈ​ទេសៈ​នេះ​ផង​ដែរ​៕