Alynana Media Cambodia
Icon Collap
clinic narit

ក្រសួង​អប់រំ ប្រកាស​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្តម​ចំនួន ៨៥ នាក់

Admin Alynana | May 16, 2021
ក្រសួង​អប់រំ ប្រកាស​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្តម​ចំនួន ៨៥ នាក់
Clinic narith

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​គ្រូ​បង្រៀន​កម្រិត​ឧត្តម​ចំនួន ៨៥ នាក់ សម្រាប់​បម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​អង្គភាព​នានា​ ក្រោម​ឱវាទ​ទីស្ដី​ការ​ក្រសួង​ ហើយ​បេក្ខជន​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ពុំ​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រឡង​ឡើយ។ 

សេចក្តី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ លោក ហង់ជួន ណារ៉ុន ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​នៅ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ការ​ប្រឡង​ប្រជែង​ចូល​បម្រើ​ការងារ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​អង្គភាព​នានា​នៃ​ក្រសួង​អប់រំ ត្រូវ​ទាញ​យក​សំណុំ​ឯកសារ​តាម​គេហទំព័រ​របស់​ក្រសួង Facebook.com/moeys.gov.kh ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ វេលា​ម៉ោង ១៧:០០ ជា​កំហិត។ 

ចំពោះ​វិញ្ញាសារ​ដែល​ត្រូវ​ប្រឡង​រួមមាន វប្បធម៌​ទូទៅ​រយៈពេល ២ ម៉ោង មុខ​វិជ្ជា​ជំនាញ​រយៈពេល ៣ ម៉ោង និង​ភាសា​បរទេស (បារាំង ឬ​អង់គ្លេស តាម​ការ​ជ្រើសរើស​របស់​បេក្ខជន) រយៈពេល ១ ម៉ោង និង ៣០ នាទី។

ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ (គិត​ត្រឹម​ថ្ងៃ​ប្រឡង) ត្រូវ​មាន​សញ្ញាបត្រ​បណ្ឌិត​ឡើង​ទៅ ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​អាយុ។ 

ក្រសួង​អប់រំ​បន្ត​ថា ចំពោះ​បេក្ខជន​ជា​មន្ត្រី​រាជការ​ស៊ីវិល ត្រូវ​មាន​លិខិត​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រឡងប្រជែង ពី​ប្រធាន​អង្គភាព ឬ​ក្រសួង​ ស្ថាប័ន​សាមី រៀបចំ​បែបបទ​ផ្លាស់​ទីកន្លែង​បម្រើ​ការងារ ឬ​ផ្ទេរ​ក្របខ័ណ្ឌ។ 

ទន្ទឹម​នឹង​នេះ​ដែរ ចំពោះ​បេក្ខជន​ជា​នារី ឬ​ជន​មាន​ពិការភាព ដែល​មាន​សមត្ថភាព​សម​ស្រប​ត្រូវ​បាន​លើក​ទឹក​ចិត្ត។ 

 ក្រសួង​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​មាន​ការ​ក្លែង​បន្លំ​ឯកសារ​ផ្សេងៗ ឬ​មិន​គោរព​កិច្ចសន្យា ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បេក្ខជន​ប្រឡង​ជាប់ និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ក្រសួង​លើក​ឡើង​ថា៖ «នៅ​ថ្ងៃ​ប្រឡង បេក្ខជន​ទាំង​អស់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​កាត​សម្គាល់ ដែល​សាមី​ខ្លួន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង។ ក្នុង​ករណី​ដែល​បេក្ខជន​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ បាន ត្រូវ​មាន​លិខិត​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត»។ 

ក្នុង​ករណី​បេក្ខជន​ណា​ដែល​មិនមាន​ប័ណ្ណ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ឬ​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត គណៈកម្មការ​រៀបចំ​ការ​ប្រឡង​មិន​អនុញ្ញាតិ​ឱ្យ​បេក្ខជន​រូប​នោះ​ចូលរួម​ប្រឡង​ឡើយ៕