ក្រសួងកសិកម្ម ស្នើឱ្យអភិបាលខេត្តជាប់ព្រំដែនទប់ស្កាត់ការនាំចូលជ្រូក ខុសច្បាប់ពីវៀតណាមដែលអាចនាំឱ្យឆ្លងជំងឺប៉េស្តជ្រូក អាហ្រ្វិក។
ខ្លឹមសារលិខិត: សូមជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងកម្មវត្ថុ ៖ សំណើទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេស អាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។
ជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាមលើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាម ម្ដងទៀត ដែលអាចនឹងបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សដល់បណ្តាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមាន ខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង ខេត្តកៀនយ៉ាង ជាប់ខេត្តកំពត ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។
ដូច្នេះ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺនេះពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នក ចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាព សាធារណៈនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ស្កាត់ ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លង រាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ សូម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជ្រាប និងជួយទប់ស្កាត់ការនាំចូល សត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម តាមការគួរ។