(បន្ទាយមានជ័យ)៖ ទាហានថៃ បានបញ្ជូនពលករខ្មែរចំនួន១២នាក់ មកអាជ្ញាធរកម្ពុជាវិញ ក្រោយឃាត់ខ្លួនពីបទលួចឆ្លងដែនទៅប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវយកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកថ្មពួក នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា នៅវេលាម៉ោងជិត៣រសៀល កម្លាំងទាហានបូផារបស់ថៃ បានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន ១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ពេលពួកគេកំពុងលួចឆ្លងដែន ទៅធ្វើការនៅក្នុងខេត្តនគររាជសីម៉ា។
បើតាមទាហានបូផា របស់ថៃ បាននិយាយថា «ការឃាត់ខ្លួនពលករខ្មែរនេះ អនុវត្តតាមបទបញ្ជាពីមេបញ្ជារការកងកម្លាំងបូផាថៃ ឱ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារ ការរាតត្បាតជំងឺកូវីដ-១៩ផងដែរ។ កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឃ្លាំមើលនៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ហើយបានឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់ 48P TA 584361 ភូមិទ័ពសៀម ឃុំតាព្រះយ៉ា ចូលមកដីថៃ ទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង»។
ការឃាត់ខ្លួននោះមានសុទ្ធតែជាជនជាតិខ្មែរ ១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់។ ពលករទាំងអស់ បានសារភាពថាពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ា ក្រោយពីសមត្ថកិច្ចថៃ ឃាត់ខ្លួនធ្វើការវាស់កម្ដៅ ជាលទ្ធផលឃើញធម្មតាទាំង ១២នាក់។
សមត្ថកិច្ចថៃ បានធ្វើកំណត់ហេតុបញ្ជូនឱ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ស៣៨ ភូមិណងម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកម្ពុជា នៅទីនោះបានទទួលយកទៅធ្វើចត្តាឡីស័កទាំង១២នាក់ នៅស្រុកថ្មពួកផងដែរ៕