អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានចេញមកក្រើនរំឮកជាថ្មីឲ្យពលរដ្ឋកម្ពុជាកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះករណីឆ្លងមិនទាន់មានការថយចុះច្រើននៅឡើយទេ។ បើតាមស្ថាប័នទាំងពីរប្រសិនបើបុគ្គលម្នាក់ៗប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃឡើងវិញតាមបែបធម្មតា មិនយូរមិនឆាប់ប្រទេសកម្ពុជានឹងត្រឡប់មកជួបការបិទខ្ទប់និងទទួលរងការរាតត្បាតកូវីដ១៩ជាថ្មីនៅថ្ងៃណាមួយ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាលែន (Li Ailan) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺ (Twitter) របស់លោកស្រី កាលពីថ្ងៃទី២២ ខែឧសភាថា ជំងឺរាតត្បាតសកលកូវីដ១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ ជាក់ស្ដែងប្រទេសកម្ពុជានៅតែបន្តរកឃើញករណីថ្មីគួរឲ្យកត់សម្គាល់ ពោលគឺតាមបណ្តាខេត្តទាំងអស់របស់កម្ពុជាមានឆ្លងជំងឺនេះ។ លោកស្រីបន្តថា បើគ្មានការអនុវត្តវិធានការការពារឲ្យមានប្រសិទ្ធភាពទេ កម្ពុជាអាចប្រឈមនឹងករណីឆ្លងកើនឡើង។ ដូច្នេះទាំងអស់គ្នាត្រូវចូលរួម ដើម្បីទប់ស្កាត់។
ជុំវិញការដកបំរាមបិទខ្ទប់ ហើយអនុញ្ញាតឲ្យមានការធ្វើដំណើរ និងប្រកបរបររកស៊ីឡើងវិញលោកស្រីលី អាលែន បានលើកឡើងថា លោកស្រីយល់ពីតម្រូវការសេដ្ឋកិច្ច ហើយមនុស្សចង់មានសេរីភាពដើរហើរ ជួបជុំគ្នា ជាធម្មតា ប៉ុន្តែគ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ ព្រោះករណីឆ្លងមិនទាន់មានការថយចុះច្រើននៅឡើយ។
ដំណាលគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលមើលឃើញថា ប្រសិនបើបុគ្គលម្នាក់ៗប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃ និងជាពិសេសបើកការរកស៊ីទទួលទានឡើងវិញតាមបែបធម្មតា ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ “ធម្មតា តាមបែបគន្លងថ្មី” ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ មិនយូរមិនឆាប់ ប្រទេសកម្ពុជានឹងវិលត្រឡប់មកជួបការបិទខ្ទប់និងទទួលរងការរាតត្បាតជាថ្មីឡើងវិញនៅថ្ងៃណាមួយ។
នៅក្នុងសំណេរផ្ទាល់ខ្លួនលើបណ្តាញសង្គមធ្វីតធឺ (Twitter)លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថាបន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ដូច្នេះត្រូវតែអនុវត្តជីវិតធម្មតាទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍។
សូមជម្រាបជូនថា ការអំពាវនាវរបស់តំណាងអង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលធ្វើឡើងភ្លាមបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញនៅថ្ងៃទី២៣ឧសភា សម្រេចបញ្ចប់បម្រាមគោចរនិងអនុញ្ញាតឲ្យអាជីវកម្ម អាហារដ្ឋានក្នុងភូមិសាស្រ្តតំបន់លឿង អាចដំណើរការទទួលភ្ញៀវឡើងវិញ។
ស្របពេលដែលអាជ្ញាធរដកចេញបំរាមបិទខ្ទប់ និងអនុញ្ញាតឲ្យអាជីវកម្ម អាហារដ្ឋានក្នុងភូមិសាស្រ្តតំបន់លឿង អាចដំណើរការទទួលភ្ញៀវឡើងវិញ ល្បឿននៃការចាក់វ៉ាក់សាំងក៏កំពុងបោះពួយយ៉ាងលឿនដែរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃទី២២ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,២៥៣,០៤៤នាក់(២លាន២៥ម៉ឺននាក់)ក្នុងចំណោមក្រុមប្រជាប្រជាពលរដ្ឋ១០លាននាក់៕